ព្រះត្រៃបិដក ភាគ ៦៥

ម្នាល​គហបតី​ សញ្ញា​ធាតុ​ ម្នាល​គហបតី​ សង្ខារ​ធាតុ​ សឹង​ជា​លំនៅ​របស់​វិញ្ញាណ​ ឯវិញ្ញាណ​ដែល​មាន​កិរិយា​ជាប់​ទាក់ទង​ដោយ​រាគៈ​ ក្នុង​សង្ខារ​ធាតុ​ ហៅថា​ ការ​រលឹក​អាល័យ​លំនៅ ម្នាល​គហបតី វិញ្ញាណ​នឹង​អាល័យ​ទីលំនៅ​យ៉ាងនេះ​ឯង។ ម្នាល​គហបតី ព្រះ​តថាគត មិន​មានការ​រលឹក​អាល័យ​លំនៅ តើ​ដូចម្តេច។ ម្នាល​គហបតី ចំណង់ តម្រេក​ សេចក្តី​រីករាយ សេចក្តី​ប្រាថ្នា ឧបាយ និង​ឧបាទាន ការ​តាំងស៊ប់ សេចក្តី​ប្រកាន់​មាំ និង​ការ​ដេក​ត្រាំ​នៅ​នៃ​ចិត្ត​ណា​ ក្នុង​រូបធាតុ កិលេស​ទាំងនោះ ព្រះ​តថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន ជា​ធម៌​មិន​មានការ​កើត​តទៅទៀត ហេតុ​នោះ ព្រះ​តថាគត​គេ​ហៅថា​ មិន​មានវិញ្ញាណ​រលឹក​អាល័យ​លំនៅ។ ម្នាល​គហបតី ចំណង់ តម្រេក សេចក្តី​រីករាយ សេចក្តី​ប្រាថ្នា​ ឧបាយ និង​ឧបាទាន ការ​តាំងស៊ប់ សេចក្តី​ប្រកាន់​មាំ និង​ការ​ដេក​ត្រាំ​នៅ​នៃ​ចិត្ត​ណា ក្នុង​វេទនា​ធាតុ​ ម្នាល​គហបតី ក្នុង​សញ្ញា​ធាតុ ម្នាល​គហបតី ក្នុង​សង្ខារ​ធាតុ ម្នាល​គហបតី ក្នុង​វិញ្ញាណ​ធាតុ​ កិលេស​ទាំងនោះ ព្រះ​តថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់​ហើយ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ការ​មិន​មាន ជា​ធម៌​មិន​មានការ​កើត​តទៅទៀត ហេតុ​នោះ ព្រះ​តថាគត​គេ​ហៅថា មិន​មានវិញ្ញាណ​រលឹក​អាល័យ​លំនៅ​ ម្នាល​គហបតី ព្រះ​តថាគត គេ​ហៅថា មិន​មានវិញ្ញាណ​រលឹក​អាល័យ​លំនៅ​យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637350231501899856
ទៅកាន់ទំព័រ៖