ព្រះត្រៃបិដក ភាគ ៦៥

ម្នាល​គហបតី វិញ្ញាណ​រលឹក​អាល័យ​លំនៅ​ តើ​ដូចម្តេច។ ម្នាល​គហបតី វិញ្ញាណ​មានការ​រលឹក​អាល័យ​នឹង​ការ​ជាប់​ចំពាក់​ក្នុង​រូប​ដែល​ជា​និមិត្ត​ ជាទី​រលឹក​អាល័យ លោក​ពោល​ថា ការ​រលឹក​អាល័យ​លំនៅ។ ម្នាល​គហបតី វិញ្ញាណ​មានការ​រលឹក​អាល័យ​នឹង​ការ​ជាប់​ចំពាក់​ក្នុង​សំឡេង​ដែល​ជា​និមិត្ត​ ក្លិន​ដែល​ជា​និមិត្ត រស​ដែល​ជា​និមិត្ត ផោដ្ឋព្វៈ​ដែល​ជា​និមិត្ត​ ធម្មារម្មណ៍​ដែល​ជា​និមិត្ត ជា​លំនៅ លោក​ពោល​ថា ការ​រលឹក​អាល័យ​លំនៅ ម្នាល​គហបតី វិញ្ញាណ​មានការ​រលឹក​អាល័យ​លំនៅ​ យ៉ាងនេះ​ឯង។ ម្នាល​គហបតី ព្រះ​តថាគត មិន​មានការ​រលឹក​អាល័យ​លំនៅ តើ​ដូចម្តេច។ ម្នាល​គហបតី​ ការ​រលឹក​នឹង​ការ​ជាប់​ចំពាក់​ក្នុង​រូប​ដែល​ជា​និមិត្ត​ជា​លំនៅ ព្រះ​តថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន ជា​ធម៌​មិន​មានការ​កើត​តទៅទៀត​ ហេតុ​នោះ ព្រះ​តថាគត គេ​ហៅថា មិន​មានការ​រលឹក​អាល័យ​លំនៅ។ ម្នាល​គហបតី ការ​រលឹក​នឹង​ការ​ជាប់​ចំពាក់​ក្នុង​សំឡេង​ដែល​ជា​និមិត្ត​ ក្លិន​ជា​និមិត្ត រស​ជា​និមិត្ត ផោដ្ឋព្វៈ​ជា​និមិត្ត ធម្មារម្មណ៍​ជា​និមិត្ត ព្រះ​តថាគត​លះបង់​ ផ្តាច់ផ្តិល​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន ជា​ធម៌​មិន​មានការ​កើត​តទៅទៀត​ ហេតុ​នោះ ព្រះ​តថាគត គេ​ហៅថា មិន​មានការ​រលឹក​អាល័យ​លំនៅ ម្នាល​គហបតី ព្រះ​តថាគត មិន​មានការ​រលឹក​អាល័យ​លំនៅ​យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637350232027749601
ទៅកាន់ទំព័រ៖