ព្រះត្រៃបិដក ភាគ ៦៥

ម្នាល​គហបតី បុគ្គល​ជា​អ្នក​សិទ្ធស្នាល​ក្នុង​កាម​ តើ​ដូចម្តេច។ ម្នាល​គហបតី ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ជា​អ្នក​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ទាំងឡាយ​ មាន​សេចក្តី​រីករាយ​ជាមួយ មាន​សោក​ជាមួយ កាលបើ​គ្រហស្ថ​ទាំងឡាយ​ដល់​នូវ​សុខ ក៏​ដល់​នូវ​សុខ​ កាលបើ​គ្រហស្ថ​ទាំងឡាយ​ដល់​នូវ​ទុក្ខ ក៏​ដល់​នូវ​ទុក្ខ កាលបើ​កិច្ចការ​ដែល​គ្រហស្ថ​ទាំងឡាយ​គប្បី​ធ្វើ​ កើតឡើង​ហើយ ក៏​ដល់​នូវ​ការ​ចូល​ទៅ​ប្រកប​ (ជួយ​) ដោយខ្លួនឯង ម្នាល​គហបតី ភិក្ខុ​ជា​អ្នក​ស្និទ្ធស្នាល​ក្នុង​កាម​ យ៉ាងនេះ​ឯង។ ម្នាល​គហបតី ភិក្ខុ​ជា​អ្នក​មិន​ស្និទ្ធស្នាល​ក្នុង​កាម តើ​ដូចម្តេច។ ម្នាល​គហបតី​ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ទាំងឡាយ មិន​រីករាយ​ជាមួយ​ មិន​មាន​សោក​ជាមួយ មិនដល់​នូវ​សុខ​ជាមួយនឹង​គ្រហស្ថ​ដែល​ដល់​នូវ​សុខ មិនដល់​នូវ​ទុក្ខ​ជាមួយនឹង​គ្រហស្ថ​ដែល​ដល់​នូវ​ទុក្ខ​ កាលបើ​កិច្ចការ​ដែល​គ្រហស្ថ​គប្បី​ធ្វើ កើតឡើង​ហើយ ក៏​មិនដល់​នូវ​ការ​ចូល​ទៅ​ប្រកបដោយ​ខ្លួនឯង​ឡើយ​ ម្នាល​គហបតី ភិក្ខុ​ជា​អ្នក​មិន​ស្និទ្ធស្នាល​ក្នុង​កាម​ទាំងឡាយ យ៉ាងនេះ​ឯង។ ម្នាល​គហបតី​ ភិក្ខុ​មិន​ទំនេរ​ចាក​កាម​ទាំងឡាយ តើ​ដូចម្តេច។ ម្នាល​គហបតី ភិក្ខុ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​ ជា​អ្នក​មិន​ប្រាក​ចាក​រាគៈ មិន​ប្រាសចាក​ឆន្ទៈ មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់ មិន​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ មិន​ប្រាសចាក​សេចក្តី​អន្ទះអន្ទែង មិន​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ ម្នាល​គហបតី​ ភិក្ខុ​មិន​ទំនេរ​ចាក​កាម​ទាំងឡាយ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637350232576571233
ទៅកាន់ទំព័រ៖