ព្រះត្រៃបិដក ភាគ ៦៥
សូមឲ្យមានសង្ខារយ៉ាងនេះ សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល ទាំងមិនញុំាងសេចក្តីរីករាយឲ្យប្រព្រឹត្តទៅរឿយៗក្នុងខន្ធ មានវេទនាជាដើមនោះ ម្នាលគហបតី ភិក្ខុជាអ្នកមិនធ្វើវដ្តៈឲ្យជាប្រធានយ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុជាអ្នកធ្វើជំទាស់នូវពាក្យដោយជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកធ្វើពាក្យមានសភាពយ៉ាងនេះថា អ្នកមិនយល់ធម្មវិន័យនេះទេ។បេ។ ឬប្រសិនបើអ្នកអាច អ្នកចូរដោះចុះ ម្នាលគហបតី ភិក្ខុជាអ្នកធ្វើជំទាស់នូវពាក្យដោយជន យ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុអ្នកមិនធ្វើទទឹងទាស់នូវពាក្យដោយជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកមិនធ្វើពាក្យមានសភាពយ៉ាងនេះថា អ្នកមិនយល់ធម្មវិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះចុះ ម្នាលគហបតី ភិក្ខុអ្នកមិនធ្វើទទឹងទាស់នូវពាក្យដោយជន យ៉ាងនេះឯង។ ម្នាលគហបតី ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ទុក ក្នុងមាគន្ទិយប្បញ្ហា ក្នុងអដ្ឋកវគ្គិកៈ យ៉ាងនេះឯង។
អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនគប្បីធ្វើជំទាស់នូវពាក្យដោយជនទេ។
ID: 637350233653899321
ទៅកាន់ទំព័រ៖