ព្រះត្រៃបិដក ភាគ ៦៥

 ម្នាល​គហបតី សេចក្តី​នៃ​ពាក្យ​នេះឯង ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ ដោយសង្ខេប អ្នក​គប្បី​យល់​ដោយ​សេចក្តី​ពិស្តារ​យ៉ាងនេះ​ចុះ។ ហេតុ​នោះ ព្រះមានព្រះភាគ​ ត្រាស់​ហើយ​ថា
អ្នកប្រាជ្ញ​លះបង់​លំនៅ មិន​មានការ​រលឹក​អាល័យ​ចំពោះ​លំនៅ មិន​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ក្នុង​កាម​ ជា​អ្នក​ទំនេរ​ចាក​កាម​ទាំងឡាយ មិន​ធ្វើ​វដ្តៈ​ឲ្យ​ជា​ប្រធាន មិន​គប្បី​ធ្វើ​ជំទាស់​នូវ​ពាក្យ​ដោយ​ជន​ទេ។
[៤១​] នាគ​ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ណា​ ប្រព្រឹត្តទៅ​ក្នុង​លោក​ មិន​គប្បី​ពោល​ប្រកាន់ទិដ្ឋិ​ទាំងនោះ​ទេ​ ឯលម្ពុ​ជាត​ កណ្ត​កវារិ​ជាត មិន​ប្រឡាក់​ដោយ​ទឹក​ផង ដោយ​ភក់​ផង យ៉ាងណាមិញ មុនិ​ជា​អ្នកពោល​នូវ​សេចក្តី​ស្ងប់​ មិន​ប្រាថ្នា មិន​ប្រឡាក់​ក្នុង​កាម​ផង ក្នុង​លោក​ផង ក៏​យ៉ាងនោះ​ឯង។


 [៤២​] ពាក្យ​ថា​ នាគ​ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ណា ប្រព្រឹត្តទៅ​ក្នុង​លោក ត្រង់​ពាក្យ​ថា ចាក​ធម៌​ទាំងឡាយ​ណា គឺ​ចាក​ទិដ្ឋិ​ទាំងឡាយ។ ពាក្យ​ថា ស្ងាត់ គឺ​ស្ងាត់ ស្ងាត់​វិសេស ស្ងាត់​ដោយ​ប្រការ ចាក​កាយទុច្ចរិត ចាក​វចីទុច្ចរិត​ ចាក​មនោ​ទុច្ចរិត ចាក​រាគៈ។បេ។ ស្ងាត់ ស្ងាត់​វិសេស ស្ងាត់​ដោយ​ប្រការ ចាក​អភិសង្ខារ ជាអកុសល​ទាំងពួង។ ពាក្យ​ថា ប្រព្រឹត្តទៅ គឺ ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា ប្រព្រឹត្តទៅ ឲ្យ​ប្រព្រឹត្តទៅ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637350234485414062
ទៅកាន់ទំព័រ៖