ព្រះត្រៃបិដក ភាគ ៦៥
មានរាគៈឃ្លាតចេញហើយ មានរាគៈខ្ជាក់ចោលហើយ មានរាគៈផុតហើយ មានរាគៈលះបង់ហើយ មានរាគៈកំចាត់បង់ហើយ មិនមានសេចក្តីប្រាថ្នា រលត់ហើយ មានត្រជាក់ មានកិរិយាសោយសុខជាប្រក្រតី មានខ្លួនដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា យ៉ាងនេះ។ ពាក្យថា កាម ក្នុងបទថា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង សេចក្តីថា តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ ហៅថា វត្ថុកាម។បេ។ ទាំងនេះ ហៅថា កិលេសកាម។ ពាក្យថា លោក បានដល់អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ប្រឡាក់ បានដល់ការប្រឡាក់ ២ គឺការប្រឡាក់គឺតណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះ ការប្រឡាក់គឺតណ្ហា។បេ។ នេះ ការប្រឡាក់គឺទិដ្ឋិ។ អ្នកប្រាជ្ញលះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ មិនប្រឡាក់ មិនប្រឡាក់ព្រម មិនជាប់នៅក្នុងកាមផង ក្នុងលោកផង មិនប្រឡាក់ មិនប្រឡាក់ព្រម មិនជាប់ ចេញ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ មានចិត្តប្រកបដោយកិលេស ដូចជាទំនប់ទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិពោលនូវសេចក្តីស្ងប់ មិនប្រាថ្នាក្នុងកាមផង ក្នុងលោកផង យ៉ាងនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ID: 637350238466558481
ទៅកាន់ទំព័រ៖