ព្រះត្រៃបិដក ភាគ ៦៥
នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក មិនគប្បីពោលប្រកាន់ទិដ្ឋិទាំងឡាយនោះទេ ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ មុនិ ជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង យ៉ាងនោះឯង។
[៤៦] វេទគូបុគ្គលនោះ មិនលុះមានះ ព្រោះទិដ្ឋិទេ ព្រោះការប៉ះពាល់ទេ ដ្បិតវេទគូបុគ្គលនោះ មិនសម្រេចដោយមានះនោះ ជាបុគ្គលដែលកម្មដឹកនាំមិនបាន ដែលសុតៈដឹកនាំមិនបាន វេទគូបុគ្គលនោះ មិនជាប់ចំពាក់ក្នុងលំនៅទាំងឡាយ។
[៤៧] អធិប្បាយពាក្យថា វេទគូបុគ្គលនោះ មិនលុះមានះព្រោះទិដ្ឋិទេ ព្រោះការប៉ះពាល់ទេ ត្រង់ពាក្យថា មិន គឺជាពាក្យហាមឃាត់។ ពាក្យថា វេទគូ សេចក្តីថា ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វីមំសា វិបស្សនា សម្មាទិដ្ឋិក្នុងមគ្គ ៤ លោកហៅថា វេទ។ បុគ្គលទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតដោយជុំវិញ ដល់ទីបំផុតដោយជុំវិញ ទៅកាន់ទីអវសាន ដល់ទីអវសាននៃជាតិ ជរា មរណៈ ទៅកាន់ទីពឹងពួន ដល់ទីពឹងពួន ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីរឭក ដល់ទីរឭក
ID: 637350239332765322
ទៅកាន់ទំព័រ៖