ព្រះត្រៃបិដក ភាគ ៦៥

ទៅកាន់​ទី​មិន​មាន​ភ័យ​ ដល់ទី​មិន​មាន​ភ័យ​ ទៅកាន់​ទី​មិន​ច្យុត​ ដល់ទី​មិន​ច្យុត​ ទៅកាន់​ទី​អមតៈ​ ដល់ទី​អមតៈ​ ទៅកាន់​ព្រះនិព្វាន​ ដល់​ព្រះនិព្វាន​ ដោយ​វេទ​ទាំងឡាយ​នោះ​។ មួយទៀត​ បុគ្គល​ឈ្មោះថា វេទគូ​ ព្រោះ​ដល់​នូវ​ទីបំផុត​នៃ​វេទ​ទាំងឡាយ​ ឬឈ្មោះថា​ វេទគូ​ ព្រោះ​ដល់​នូវ​ទីបំផុត​ដោយ​វេទ​ទាំងឡាយ​ ឬថា ឈ្មោះថា​ វេទគូ​ ព្រោះ​ដឹង​ច្បាស់​នូវ​ធម៌​ទាំង​ឡាយ​ ៧ ប្រការ​គឺ​ ដឹង​ច្បាស់​នូវ​សក្កា​យទិដ្ឋិ​ ១ ដឹង​ច្បាស់​នូវ​វិចិកិច្ឆា​ ១ ដឹង​ច្បាស់​នូវ​សីលព្វត​បរាមាស​ ១ ដឹង​ច្បាស់​នូវ​រាគៈ​ ១ ដឹង​ច្បាស់​នូវ​ទោសៈ​ ១ ដឹង​ច្បាស់​នូវ​មោហៈ ១ ដឹង​ច្បាស់​នូវ​មានះ​ ១។ អកុសល​ធម៌​ទាំងឡាយ​ដ៏​លាមក អកុសល​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​សៅហ្មង​ព្រម​ ជា​ធម៌​ញុំាង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ មាន​សេចក្តី​ទុក្ខ​ជា​ផល ជាទី​តាំង​នៃជា​តិ​ ជរា​ មរណៈ​ តទៅទៀត​ សុទ្ធតែ​ជា​ធម៌ គឺ​វេទគូ​បុគ្គល​ដឹង​ច្បាស់​ហើយ​។
(ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​ ម្នាល​សភិយៈ​) វេទគូ​បុគ្គល​ គប្បី​ពិចារណា​នូវ​វេទ​ទាំងអស់​ ដែល​ជា​របស់​ពួក​សមណព្រាហ្មណ៍​ វេទគូ​បុគ្គល​នោះ​ មាន​រាគៈ​ទៅ​ប្រាស​ហើយ​ ក្នុង​វេទ​ទាំងពួង​ កន្លង​បង់​នូវ​វេទ​ទាំងពួង​។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637350240030668804
ទៅកាន់ទំព័រ៖