ព្រះត្រៃបិដក ភាគ ៦៥

ផ្តាច់​ឫសគល់​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ការ​មិន​មាន​ ជា​ធម៌​មិន​មានការ​កើត​តទៅទៀត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មោហៈ​ទាំងឡាយ​នៃ​បុគ្គល​ដែល​ផុត​ស្រឡះ​ដោយ​បញ្ញា​ មិន​មាន​ទេ​។
 [៥៣​] ពាក្យ​ថា​ បុគ្គល​ទាំងឡាយ​ណា​ ប្រកាន់យក​សញ្ញា និង​ទិដ្ឋិ​ហើយ​ បុគ្គល​ទាំងនោះ​ រមែង​បន្ត​ (នូវ​អត្តភាព​) ប្រព្រឹត្តទៅ​ក្នុង​លោក​ អធិប្បាយ​ថា​ បុគ្គល​ទាំងឡាយ​ណា​ ប្រកាន់​យក​សញ្ញា​ គឺ​កាម​សញ្ញា​ ព្យាបាទ​សញ្ញា​ វិហឹសា​សញ្ញា​ បុគ្គល​ទាំងឡាយ​នោះ​ រមែង​ប៉ះពាល់​ ប៉ះទង្គិច​ ដោយអំណាច​សញ្ញា​។ ​ពួក​ព្រះរាជា​រមែង​ទាស់ទែង​នឹង​ពួក​ព្រះរាជា​ ​ពួក​ក្សត្រិយ៍​ រមែង​ទាស់ទែង​នឹង​ពួក​ក្សត្រិយ៍​ ​ពួក​ព្រាហ្មណ៍​រមែង​ទាស់ទែង​នឹង​ពួក​ព្រាហ្មណ៍​ ​ពួក​គហបតី​រមែង​ទាស់ទែង​នឹង​ពួក​គហបតី​ មាតា​រមែង​ទាស់ទែង​នឹង​បុត្ត​ បុត្ត​រមែង​ទាស់​ទែង​នឹង​មាតា​ បិតា​រមែង​ទាស់ទែង​នឹង​បុត្ត​ បុត្ត​រមែង​ទាស់ទែង​នឹង​បិតា​ បងប្អូន​ប្រុស​រមែង​ទាស់ទែង​នឹង​បងប្អូន​ប្រុស​ បងប្អូន​ស្រី​ រមែង​ទាស់ទែង​នឹង​បងប្អូន​ស្រី​ បងប្អូន​ប្រុស​រមែង​ទាស់ទែង​នឹង​បងប្អូន​ស្រី​ បងប្អូន​ស្រី​រមែង​ទាស់ទែង​នឹង​បងប្អូន​ប្រុស​ សំឡាញ់​រមែង​ទាស់ទែង​នឹង​សំឡាញ់​។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637350903042692570
ទៅកាន់ទំព័រ៖