ព្រះត្រៃបិដក ភាគ ៦៥
ជនទាំងនោះដល់នូវជម្លោះ ប្រកួតប្រកាន់ ការទាស់ទែង ប្រហារគ្នានឹងគ្នាដោយដៃខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដម្បងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងហេតុនោះ។ ជនទាំងនោះដល់នូវសេចក្តីស្លាប់ខ្លះ នូវទុក្ខទៀបស្លាប់ខ្លះ ក្នុងហេតុនោះ។ ជនទាំងឡាយណា ប្រកាន់យកនូវទិដ្ឋិថា លោកទៀង ដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះក្តី ជនទាំងនោះ រមែងបៀតបៀន បៀតបៀនព្រម ដោយអំណាចទិដ្ឋិ រមែងបៀតបៀនសាស្តាព្រោះសាស្តា បៀតបៀនធម៌ដែលសាស្តាសំដែងហើយ ព្រោះធម៌ដែលសាស្តាសំដែងហើយ បៀតបៀនពួកព្រោះពួក បៀតបៀនទិដ្ឋិ ព្រោះទិដ្ឋិ បៀតបៀនបដិបទា ព្រោះបដិបទា បៀតបៀនមគ្គ ព្រោះមគ្គ។ មួយទៀត ជនទាំងនោះ រមែងទាស់ទែង ធ្វើជម្លោះ ធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីប្រកាន់ខុស ធ្វើវិវាទ ធ្វើការដណ្តើមយកឈ្នះថា អ្នកមិនចេះធម្មវិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះចុះ។ អភិសង្ខារទាំងឡាយ គឺបុគ្គលទាំងនោះ មិនបានលះបង់ ព្រោះការមិនបានលះបង់អភិសង្ខារទាំងឡាយ ទើបបុគ្គលទាំងនោះ រមែងលំបាកក្នុងគតិ លំបាកក្នុងនរក លំបាកក្នុងកំណើតតិរច្ឆាន លំបាកក្នុងប្រេតវិស័យ លំបាកក្នុងមនុស្សលោក លំបាកក្នុងទេវលោក លំបាកភ្ជាប់នូវគតិដោយគតិ
ID: 637350903402583277
ទៅកាន់ទំព័រ៖