ព្រះត្រៃបិដក ភាគ ៦៥
នូវការកើតដោយការកើត នូវបដិសន្ធិដោយបដិសន្ធិ នូវភពដោយភព នូវសង្សារដោយសង្សារ នូវវដ្តៈដោយវដ្តៈ កាលលំបាក រមែងត្រាច់ទៅ រមែងទៅ រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ។ ពាក្យថា លោក គឺអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិ បុគ្គលទាំងនោះ ឈ្មោះថា បន្ត (នូវអត្តភាព) ប្រព្រឹត្តទៅក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គលដែលប្រាសចាកសញ្ញា មិនមានទេ មោហៈទាំងឡាយនៃបុគ្គលដែលផុតស្រឡះដោយបញ្ញា មិនមានទេ បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិហើយ បុគ្គលទាំងនោះ រមែងបន្ត (នូវអត្តភាព) ប្រព្រឹត្តទៅក្នុងលោក។
ចប់ មាគន្ទិយសុត្តនិទ្ទេស ទី៩។
ID: 637350903819513168
ទៅកាន់ទំព័រ៖