ព្រះត្រៃបិដក ភាគ ៦៥
បុរាភេទសុត្តនិទ្ទេស ទី១០
[៥៤] (ព្រះពុទ្ធនិម្មិតសួរថា) បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គហៅថា អ្នកស្ងប់ បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំសួរហើយ សូមប្រាប់នូវនរជនដ៏ឧត្តមនោះ។
[៥៥] អធិប្បាយពាក្យថា បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះ អង្គហៅថាអ្នកស្ងប់ ត្រង់ពាក្យថា បុគ្គលមានការឃើញដូចម្តេច គឺបុគ្គលប្រកបដោយការឃើញដូចម្តេច ប្រាកដដូចម្តេច មានប្រការដូចម្តេច មានចំណែកប្រៀបដូចម្តេច ហេតុនោះ (ទើបសួរថា) បុគ្គលមានការឃើញដូចម្តេច។ ពាក្យថា មានសីលដូចម្តេច គឺជាអ្នកប្រកបដោយសីលដូចម្តេច ប្រាកដដូចម្តេច មានប្រការដូចម្តេច មានចំណែកដូចម្តេច ហេតុនោះ (ទើបសួរថា) មានការឃើញដូចម្តេច មានសីលដូចម្តេច។ ពាក្យថា ដែលព្រះអង្គហៅថា អ្នកស្ងប់ គឺ ដែលព្រះអង្គពោល ត្រាស់ សំដែង ពណ៌នា បំភ្លឺ ថ្លែង ថាជាអ្នកស្ងប់ ជាអ្នកស្ងប់ស្ងាត់ មានទុក្ខរលត់ ជាអ្នកស្ងប់រម្ងាប់។ ពាក្យថា បុគ្គលមានការឃើញដូចម្តេច គឺសួរចំពោះអធិប្បញ្ញា។ ពាក្យថា មានសីលដូចម្តេច គឺសួរចំពោះអធិសីល។
ID: 637350904231753980
ទៅកាន់ទំព័រ៖