ព្រះត្រៃបិដក ភាគ ៦៥

អប្ប​មញ្ញា ៤ អរូប​សមាបត្តិ ៤។ មួយទៀត ព្រះនាម​ថា​ មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ​ទ្រង់​មាន​ភាគ​នៃ​វិមោក្ខ ៨ អភិ​ភាយ​តនៈ ៨ អនុ​បុព្វ​វិហារ​សមាបត្តិ ៩។ មួយទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ​ ទ្រង់​មាន​ភាគ​នៃ​សញ្ញា​ភាវនា ១០ កសិណ​សមាបត្តិ ១០ អា​នា​បាន​ស្ស​តិ​សមាធិ អសុភ​សមាបត្តិ។ មួយទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់​មាន​ភាគ​នៃ​សតិ​ប្ប​ដ្ឋាន​ ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ​ ៨។ មួយទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​តថាគត​ពល​ ១០ វេ​សា​រជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាម​ថា ព្រះមានព្រះភាគ​នេះ​ មិនមែន​មាតា​ធ្វើ មិនមែន​បិតា​ធ្វើ មិនមែន​បងប្អូន​ប្រុស​ធ្វើ មិនមែន​បងប្អូន​ស្រី​ធ្វើ​ មិនមែន​ពួក​មិត្រ​អាមាត្យ​ធ្វើ មិនមែន​ពួក​ញាតិសាលោហិត​ធ្វើ មិនមែន​ពួក​សមណព្រាហ្មណ៍​ធ្វើ​ មិនមែន​ពួក​ទេវតា​ធ្វើ​ទេ ព្រះនាម​ថា មាន​ព្រះ​ភាគ​នុ៎ះ របស់​ព្រះពុទ្ធ​ទាំងឡាយ​ដ៏​មាន​ព្រះ​ភាគ​ ជា​ព្រះនាម​កើត​ក្នុង​ទីបំផុត​នៃ​វិមោក្ខ ការ​បញ្ញា​ត្តិ​ថា មាន​ព្រះ​ភាគ​នុ៎ះ (កើត​ហើយ​) អំពី​ការ​ត្រាស់​ដឹង ព្រមដោយ​ការបាន​ចំពោះ​នូវ​សព្វញ្ញុតញ្ញាណ ទៀប​គល់​ពោធិព្រឹក្ស​ ហេតុ​នោះ មាន​ពាក្យ​ថា ព្រះមានព្រះភាគ (ត្រាស់​ហើយ​) ថា​មុន​អំពី​ការ​បែកធ្លាយ​សរីរៈ​ទៅ​ បុគ្គល​ណា​ប្រាសចាក​តណ្ហា។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637350905742888677
ទៅកាន់ទំព័រ៖