ព្រះត្រៃបិដក ភាគ ៦៥
ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនតក់ស្លុត មិនតក់ស្លុតខ្លាំង មិនតក់ស្លុតក្រៃលែង។ លោកមិនតក់ស្លុត មិនតក់ស្លុតខ្លាំង មិនតក់ស្លុតក្រៃលែង មិនខ្លាច មិនដល់នូវសេចក្តីតក់ស្លុតថា អញមិនបានត្រកូល ឬមិនបានពួក ឬមិនបានអាវាស ឬមិនបានលាភ ឬមិនបានយស ឬមិនបានសេចក្តីសរសើរ ឬមិនបានសុខ ឬមិនបានចីវរ ឬមិនបានបិណ្ឌបាត ឬមិនបានសេនាសនៈ ឬមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ឬមិនបានគិលានុបដ្ឋាកបុគ្គល អញជាអ្នកមិនល្បីល្បាញ ក៏មិនតក់ស្លុត មិនតក់ស្លុតខ្លាំង មិនតក់ស្លុតក្រៃលែង មិនខ្លាច មិនដល់នូវសេចក្តីតក់ស្លុត ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនក្រោធ អ្នកមិនតក់ស្លុត។
[៦៦] ពាក្យថា អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកអួតអាង អួតអាងផ្សេងៗ។ បុគ្គលនោះ រមែងអួតអាង អួតអាងផ្សេង ៗ ថា អញជាអ្នកបរិបូណ៌ដោយសីលក្តី ថាជាអ្នកបរិបូណ៌ដោយវត្តក្តី ថាជាអ្នកបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូននៃត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរដ៏ល្អក្តី ដោយទ្រព្យក្តី ដោយការស្វាធ្យាយន៍ក្តី ដោយការងារក្តី ដោយសិប្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយបដិភាណក្តី ដោយវត្ថុណាមួយក្តី
ID: 637350909394458903
ទៅកាន់ទំព័រ៖