ព្រះត្រៃបិដក ភាគ ៦៥
ជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថាជាអ្នកចេញអំពីត្រកូលធំ ហើយបួសក្តី (ចេញ) អំពីត្រកូលមានភោគដ៏ច្រើន ហើយបួសក្តី ថាជាអ្នកចេញអំពីត្រកូលមានភោគៈដ៏លើសលុប ហើយបួសក្តី ថាអញជាអ្នកល្បីល្បាញ មានយសជាងពួកគ្រហស្ថ និងបព្វជិតក្តី ថាជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់ព្រះវិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តសបទានចារិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គក្តី រមែងអួតអាង អួតអាងផ្សេង ៗ ថាជាអ្នកបានបឋមជ្ឈានក្តី ថាជាអ្នកបានទុតិយជ្ឈានក្តី ថាជាអ្នកបានតតិយជ្ឈានក្តី ថាជាអ្នកបានចតុត្ថជ្ឈានក្តី ថាជាអ្នកបានអាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ និងនេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី។ បុគ្គលមិនអួតអាង មិនអួតអាងផ្សេង ៗ យ៉ាងនេះ។ បុគ្គលវៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញអំពីសេចក្តីអួតអាង រមែងនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអួតអាង។
ID: 637350909694185566
ទៅកាន់ទំព័រ៖