ព្រះត្រៃបិដក ភាគ ៦៥
សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើហើយ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងព្រោះភាពនៃអំពើដែលធ្វើហើយ ១ និងមិនធ្វើហើយ ១ យ៉ាងនេះ។ មួយទៀត សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា អាត្មាអញជាអ្នកមិនធ្វើឲ្យពេញក្នុងសីលទាំងឡាយ។ ថា អាត្មាអញ ជាអ្នកមានទ្វារមិនគ្រប់គ្រងហើយក្នុងឥន្រ្ទិយទាំងឡាយ។ ថា អាត្មាអញ ជាអ្នកមិនដឹងប្រមាណក្នុងភោជន។ ថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ថា អាត្មាអញ ជាអ្នកមិនប្រកបដោយសតិ និងសម្បជញ្ញៈ។ ថា សតិប្បដ្ឋាន ៤ អាត្មាអញមិនបានចំរើនហើយ។ ថា សម្មប្បធាន ៤ អាត្មាអញមិនបានចំរើនហើយ។ ថា ឥទ្ធិបាទ ៤ អាត្មាអញមិនបានចំរើនហើយ។ ថាឥន្រ្ទិយ ៥ អាត្មាអញ មិនបានចំរើនហើយ។ ថា ពលៈ ៥ អាត្មាអញមិនបានចំរើនហើយ។ ថា ពោជ្ឈង្គ ៧ អាត្មាអញមិនបានចំរើនហើយ។ ថា អដ្ឋង្គិកមគ្គដ៏ប្រសើរ អាត្មាអញមិនបានចំរើនហើយ។ ថា ទុក្ខ អាត្មាអញមិនបានកំណត់ទេ។ ថា សមុទយៈ អាត្មាអញមិនបានលះបង់ទេ។ ថា មគ្គ អាត្មាអញមិនបានចំរើនទេ។
ID: 637350910647747407
ទៅកាន់ទំព័រ៖