ព្រះត្រៃបិដក ភាគ ៦៥

គប្បី​មានវិញ្ញាណ​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ឈ្មោះថា​ អ្នក​មិន​មាន​សេចក្តី​ជាប់​ចំពាក់​ក្នុង​វត្ថុជា​អនាគត​ យ៉ាងនេះ​ខ្លះ​។ មួយទៀត​ បុគ្គល​មិន​តាំងចិត្ត​ដើម្បី​បាន​នូវ​អាយតនៈ​ ដែល​មិនទាន់​បាន​ថា​ ភ្នែក​របស់​អញ​ គប្បី​មាន​យ៉ាងនេះ​ រូប​ទាំងឡាយ​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ក៏​មិន​រីករាយ​ចំពោះ​អាយតនៈ​ទាំងនោះ​ ព្រោះ​ការ​មិន​តាំងចិត្ត​ជា​បច្ច័យ​ កាល​មិន​ត្រេកអរ​ចំពោះ​អាយតនៈ​ទាំងនោះ​ ឈ្មោះថា​ អ្នក​មិន​មាន​សេចក្តី​ជាប់​ចំពាក់​ក្នុង​វត្ថុជា​អនាគត​ យ៉ាងនេះ​ខ្លះ​។ ត្រចៀក​របស់​អញ​ គប្បី​មាន​យ៉ាងនេះ​ សំឡេង​ទាំងឡាយ​យ៉ាងនេះ​ ក្នុង​អនាគតកាល​។បេ។ មិន​តាំងចិត្ត​ដើម្បី​បាន​នូវ​អារម្មណ៍​ដែល​មិនទាន់​បាន​ថា​ ចិត្ត​របស់​អញ គប្បី​មាន​យ៉ាងនេះ​ ធម្មារម្មណ៍​ទាំងឡាយ​យ៉ាងនេះ​ ក្នុង​អនាគតកាល​ ក៏​មិន​រីករាយ​ចំពោះ​អាយតនៈ​ទាំងនោះ​ ព្រោះ​ការ​មិន​តាំងចិត្ត​ជា​បច្ច័យ​ កាល​មិន​រីករាយ​ចំពោះ​អាយតនៈ​ទាំងនោះ​ ឈ្មោះថា​ អ្នក​មិន​មាន​សេចក្តី​ជាប់​ចំពាក់​ក្នុង​វត្ថុជា​អនាគត​ យ៉ាងនេះ​ខ្លះ​។ មួយវិញទៀត បុគ្គល​មិនបាន​តាំងចិត្ត​ដើម្បី​បាន​នូវ​អត្តភាព​ដែល​មិនទាន់​បាន​ថា​ អញ​គប្បី​បាន​ជា​ទេវតា​ ឬជា​ទេវតា​ណាមួយ​ ដោយ​សីល​ ឬវត្ត​ ឬតបៈ​ ឬព្រហ្មចរិយៈ​នេះ​ ក៏​មិន​រីក​រាយ​ចំពោះ​អត្តភាព​ទាំងនោះ​ ព្រោះ​ការ​មិន​តាំងចិត្ត​ជា​បច្ច័យ​ កាល​មិន​រីករាយ​ចំពោះ​អត្តភាព​ទាំងនោះ​ ឈ្មោះថា អ្នក​មិន​មាន​សេចក្តី​ជាប់​ចំពាក់​ក្នុង​វត្ថុជា​អនាគត​ យ៉ាងនេះ​ខ្លះ​។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637350912503145762
ទៅកាន់ទំព័រ៖