ព្រះត្រៃបិដក ភាគ ៦៥
[៧៣] អធិប្បាយពាក្យថា អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ ត្រង់ពាក្យថា ផស្សៈ បានដល់ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយសម្ផស្សៈ ទុក្ខវេទនីយសម្ផស្សៈ អទុក្ខមសុខវេទនីយសម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគតផស្សៈ បច្ចុប្បន្នផស្សៈ ការប៉ះពាល់ សេចក្តីប៉ះពាល់ សេចក្តីប៉ះពាល់ព្រម ភាពនៃការប៉ះពាល់ព្រមឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា ផស្សៈ។ ពាក្យថា អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ គឺឃើញនូវចក្ខុសម្ផស្សៈដ៏ស្ងប់ស្ងាត់ ចាកខ្លួនផង ចាកវត្ថុរបស់ខ្លួនផង ចាកវត្ថុដ៏ទៀងទាត់ផង ចាកវត្ថុដ៏ឋិតថេរផង ចាកវត្ថុដ៏ខ្ជាប់ខ្ជួនផង ចាកសភាវៈមិនប្រែប្រួលផង។ ឃើញសោតសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញឃានសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញជិវ្ហាសម្ផស្សដ៏ស្ងប់ស្ងាត់។ ឃើញកាយសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញមនោសម្ផស្សៈដ៏ស្ងប់ស្ងាត់។
ID: 637350913157762407
ទៅកាន់ទំព័រ៖