ព្រះត្រៃបិដក ភាគ ៦៥
[៧៥] បុគ្គលអ្នករួញចិត្ត អ្នកមិនកុហក អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់ អ្នកមិនមានការឃ្នើសឃ្នង អ្នកដែលគេមិនគួរខ្ពើម រមែងមិនប្រកបក្នុងការញុះញង់ទេ។
[៧៦] អធិប្បាយពាក្យថា អ្នករួញចិត្ត អ្នកមិនកុហក ត្រង់ពាក្យថា អ្នករួញចិត្ត សេចក្តីថា ដែលឈ្មោះថា អ្នករួញចិត្ត ព្រោះលះបង់រាគៈ អ្នករួញចិត្ត ព្រោះលះបង់ទោសៈ អ្នករួញចិត្ត ព្រោះលះបង់នូវមោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ។បេ។ អ្នករួញចិត្ត ព្រោះលះបង់អកុសលាភិសង្ខារទាំងពួង។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នករួញចិត្ត តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ មានឫសគល់គាស់រំលើងហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមានបែបភាព ជាធម៌លែងកើតតទៅទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នករួញចិត្ត យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នករួញចិត្ត។
[៧៧] ពាក្យថា អ្នកមិនកុហក អធិប្បាយថា កុហនវត្ថុ ៣ យ៉ាង កុហនវត្ថុខាងការសេព បច្ច័យ ១ កុហនវត្ថុខាងឥរិយាបថ ១ កុហនវត្ថុខាងការខ្សឹបជិត ១។
ID: 637350914342604612
ទៅកាន់ទំព័រ៖