ព្រះត្រៃបិដក ភាគ ៦៥

មួយទៀត​ តថាគត​ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ថា ទិដ្ឋិ​ទាំងនេះ មិន​ទៀង គឺ​បច្ច័យ​តាក់តែង​ឡើង​ហើយ​ អាស្រ័យ​បច្ច័យ​កើតឡើង​ហើយ មាន​កិរិយា​អស់​ទៅជាធម្មតា មាន​កិរិយា​សូន្យ​ទៅជាធម្មតា​ មាន​កិរិយា​ប្រាស​ទៅជាធម្មតា មាន​កិរិយា​រលត់​ទៅជាធម្មតា ទើប​មិន​ប្រកាន់ មិន​បបោសអង្អែល​ មិន​ជាប់ចិត្ត​នូវ​ទិដ្ឋិ​ទាំងឡាយ ឬថា​ ទិដ្ឋិ​ទាំងឡាយ តថាគត មិន​គប្បី​ប្រកាន់ មិន​គប្បី​បបោសអង្អែល មិន​គប្បី​ជាប់ចិត្ត​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់​ ដោយ​ប្រការ​យ៉ាងនេះ​ឯង។
 [៩] ពាក្យ​ថា​ បាន​ពិចារណា​ឃើញ​នូវ​សេចក្តី​ស្ងប់​ខាងក្នុង គឺ​សេចក្តី​ស្ងប់​រាគៈ សេចក្តី​ស្ងប់​ទោសៈ​ សេចក្តី​ស្ងប់​មោហៈ ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង និង​សេចក្តី​ស្ងប់​ សេចក្តី​ស្ងប់​រម្ងាប់ សេចក្តី​រលត់ សេចក្តី​ស្ងប់ស្ងៀម នៃ​កោ​ធៈ ឧបនាហៈ មក្ខៈ​ បឡា​សៈ ឥស្សា មច្ឆរិយៈ មា​យា​ សា​ថេយ្យៈ ថម្ភៈ សា​រម្ភៈ​ មា​នះ​ អតិ​មា​នះ​ មទៈ​ បមា​ទៈ និង​កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តី​ក្រហល់ក្រហាយ​ទាំងអស់​ សេចក្តី​អន្ទះ​សា​ទាំងអស់ អភិសង្ខារ​ជាអកុសល​ទាំងអស់។ ពាក្យ​ថា បាន​ពិចារណា គឺ​កាល​ពិចារណា កាល​ត្រិះរិះ កាល​រំពឹង កាល​ថ្លឹង កាល​លៃលក​ កាល​បំភ្លឺ កាល​ធ្វើ​ឲ្យ​ច្បាស់​ថា
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637350215589042448
ទៅកាន់ទំព័រ៖