ព្រះត្រៃបិដក ភាគ ៦៥
កុហនវត្ថុខាងការសេពបច្ច័យ តើដូចម្តេច។ ពួកគហបតីក្នុងសាសនានេះ រមែងនិមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ជាអ្នកមានសេចក្តីត្រូវការនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាស្រ័យនូវសេចក្តីប្រាថ្នាដ៏លើសលុប ទើបហាមឃាត់ចីវរ ហាមឃាត់បិណ្ឌបាត ហាមឃាត់សេនាសនៈ ហាមឃាត់គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះបានពោលយ៉ាងនេះថា សមណៈមានប្រយោជន៍អ្វីដោយចីវរមានថ្លៃច្រើន ការប្រើប្រាស់ចីវរដ៏សមគួរដល់សមណៈនុ៎ះគឺ សមណៈត្រូវតែរើសកំណាត់សំពត់ទាំងឡាយអំពីព្រៃស្មសាន ឬអំពីគំនរសម្រាម ឬអំពីរានផ្សារ មកធ្វើជាសង្ឃាដីប្រើប្រាស់ សមណៈមានប្រយោជន៍អ្វីដោយបិណ្ឌបាតមានថ្លៃច្រើន ការចិញ្ចឹមជីវិតដ៏សមគួរដល់សមណៈនុ៎ះ គឺសមណៈត្រូវតែចិញ្ចឹមជីវិតដោយពំនូតបាយ ដោយការដើរទៅដើម្បីសូម សមណៈមានប្រយោជន៍អ្វីដោយសេនាសនៈមានថ្លៃច្រើន ការនៅដ៏សមគួរដល់សមណៈនុ៎ះ គឺសមណៈត្រូវតែជាអ្នកនៅជិតគល់ឈើ ឬនៅក្នុងព្រៃស្មសាន ឬក៏នៅក្នុងទីវាល សមណៈមានប្រយោជន៍អ្វីដោយគិលានប្បច្ចយភេសជ្ជបរិក្ខារមានថ្លៃច្រើន
ID: 637350914651863624
ទៅកាន់ទំព័រ៖