ព្រះត្រៃបិដក ភាគ ៦៥
ការធ្វើឱសថដ៏សមគួរដល់សមណៈនុ៎ះ គឺសមណៈត្រូវតែធ្វើថ្នាំដោយមូត្រផ្អូម ឬដោយចំណិតស្រម៉ តាំងអំពីនោះមក ភិក្ខុនោះក៏ទ្រទ្រង់ចីវរដ៏សៅហ្មង បរិភោគបិណ្ឌបាតដ៏សៅហ្មង សេពសេនាសនៈដ៏សៅហ្មង សេពគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏សៅហ្មង។ ពួកគហបតីដឹងភិក្ខុនោះយ៉ាងនេះថា សមណៈនេះមានសេចក្តីប្រាថ្នាតិច មានសន្តោស ស្ងប់ស្ងាត់ មិនច្របូកច្របល់ (ដោយពួក) ប្រារព្ធព្យាយាម ពោលធុតគុណ ក៏រឹងរឹតតែនិមន្តដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះពោលយ៉ាងនេះថា កុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ច្រើន ព្រោះធម៌ ៣ យ៉ាង មានចំពោះមុខ គឺកុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ចំរើន ព្រោះសទ្ធាមានចំពោះមុខ ១ កុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ច្រើន ព្រោះទេយ្យធម៌មានចំពោះមុខ ១ កុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ច្រើន ព្រោះពួកទក្ខិណេយ្យបុគ្គលមានចំពោះមុខ ១ សទ្ធានេះ របស់ពួកអ្នកក៏មានផង ទេយ្យធម៌នេះ ក៏មានព្រមផង ទាំងអាត្មា ក៏ជាអ្នកទទួល បើអាត្មាមិនទទួលទេ ពួកអ្នកនឹងជាបុគ្គលសាបសូន្យចាកបុណ្យយ៉ាងនេះ អាត្មាមិនមានសេចក្តីត្រូវការដោយទេយ្យធម៌នេះទេ ប៉ុន្តែអាត្មាទទួល ដើម្បីអនុគ្រោះដល់ពួកអ្នកតែម្យ៉ាង តាំងអំពីនោះមក ភិក្ខុនោះ ក៏ទទួលចីវរច្រើនផង
ID: 637350914956747511
ទៅកាន់ទំព័រ៖