ព្រះត្រៃបិដក ភាគ ៦៥
ទទួលបិណ្ឌបាតច្រើនផង ទទួលសេនាសនៈច្រើនផង ទទួលគិលានប្បច្ចយភេសជ្ជបរិក្ខារច្រើនផង។ កិរិយាធ្វើមុខស្រពោន ភាពនៃភិក្ខុធ្វើមុខស្រពោន ការកុហក ការប្រព្រឹត្តិទៅនៃភិក្ខុកុហក ភាពនៃភិក្ខុកុហកឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុហនវត្ថុខាងការសេព (បច្ច័យ)។ កុហនវត្ថុខាងឥរិយាបថ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ប្រាថ្នាសេចក្តីសរសើរថា អ្នកផងនឹងសរសើរអញយ៉ាងនេះ ក៏រៀបចំទំនងដើរ រៀបចំទំនងឈរ ក៏រៀបចំទំនងអង្គុយ រៀបចំទំនងដេក ប្រុងប្រៀបហើយទើបដើរទៅ ប្រុងប្រៀបឈរ ប្រុងប្រៀបអង្គុយ ប្រុងប្រៀបសម្រេចការដេក ដើរទៅហាក់ដូចជាមានចិត្តតាំងមាំ ឈរហាក់ដូចជាមានចិត្តតាំងមាំ អង្គុយហាក់ដូចជាមានចិត្តតាំងមាំ សម្រេចការដេកហាក់ដូចជាមានចិត្តតាំងមាំ ហាក់ដូចជាចូលឈានក្នុងទីចំពោះមុខ (នៃអ្នកផង)។ ការតាំងទុកខាងដើម អាការនៃការតាំងទុក ការរៀបចំឥរិយាបថ កិរិយាធ្វើមុខស្រពោន ភាពនៃភិក្ខុអ្នកធ្វើមុខស្រពោន ការកុហក ការប្រព្រឹត្តិទៅនៃភិក្ខុកុហក ភាពនៃភិក្ខុកុហកឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុហនវត្ថុខាងឥរិយាបថ។ កុហនវត្ថុខាងការខ្សឹបជិត តើដូចម្តេច។
ID: 637350915283821153
ទៅកាន់ទំព័រ៖