ព្រះត្រៃបិដក ភាគ ៦៥
សេចក្តីកំណាញ់អាយតនៈ ក៏ហៅថា កំណាញ់ ទាំងហៅថា ការប្រកាន់នេះ លោកហៅថា សេចក្តីកំណាញ់។ សេចក្តីកំណាញ់នេះ បុគ្គលណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់។
[៧៩] អធិប្បាយពាក្យថា អ្នកមិនមានការឃ្នើសឃ្នង ជាអ្នកដែលគេមិនគួរខ្ពើម ត្រង់ពាក្យថា ការឃ្នើសឃ្នង បានដល់ការឃ្នើសឃ្នង ៣ គឺការឃ្នើសឃ្នងប៉ែកខាងកាយ ១ ការឃ្នើសឃ្នងប៉ែកខាងវាចា ១ ការឃ្នើសឃ្នងប៉ែកខាងចិត្ត ១។ ការឃ្នើសឃ្នងប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ ទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងឆាន់ខ្លះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើងខ្លះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងកំពង់ទឹកខ្លះ កំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ ចូលទៅហើយកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ។
ID: 637350916531796419
ទៅកាន់ទំព័រ៖