ព្រះត្រៃបិដក ភាគ ៦៥

គឺ​ចុះទៅ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ ចុះទៅ​ខាងមុខ​ខ្លះ ងូត​ប្រជ្រៀត​ខ្លះ​ ងូត​ខាងមុខ​ខ្លះ ងូត​ខាងលើ​ខ្លះ ឡើង​ប្រជ្រៀត​ខ្លះ ឡើង​ខាងមុខ​ខ្លះ ឡើង​ខាងលើ​ខ្លះ ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​កាយ​ ក្នុង​កំពង់ទឹក យ៉ាងនេះ​ឯង។
 ភិក្ខុ​កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​កាយ​ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ មិន​ធ្វើ​សេចក្តី​កោតក្រែង​ គឺ​ដើរ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ ដើរ​ខាងមុខ​ខ្លះ កន្លង​ហើយ​ដើរ​ខាងមុខ​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ភិក្ខុ​កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​កាយ យ៉ាងនេះ​ឯង។
 ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការ​ឃ្នើសឃ្នង ប៉ែក​ខាង​កាយ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ចូល​ទៅកាន់​ចន្លោះផ្ទះ គេ​មិនទាន់​និយាយ​ថា សូម​ចូល​មក​លោកម្ចាស់​ ក៏​ចូល​ទៅ គេ​មិនទាន់​និយាយ​ថា សូម​ឈរ​រង់​សិន​លោកម្ចាស់ ក៏​ឈរ​រង់ គេ​មិនទាន់​និយាយ​ថា សូម​គង់​លោកម្ចាស់​ ក៏​អង្គុយ ចូល​ទៅកាន់​ទី​មិន​មានឱកាស​ខ្លះ ឈរ​ក្នុង​ទី​មិន​មានឱកាស​ខ្លះ អង្គុយ​ក្នុង​ទី​មិន​មានឱកាស​ខ្លះ​ ម្នីម្នា​ចូល​ទៅ​ក្នុង​បន្ទប់​ទាំងឡាយ របស់​ត្រកូល​ទាំងឡាយ ជាទី​លាក់ពួន​បិទបាំង ដែល​ពួក​ស្រ្តី​ក្នុង​ត្រកូល​ ដែល​ពួក​កូនស្រី​របស់​ត្រកូល ដែល​ពួក​កូនប្រសា​ស្រី​របស់​ត្រកូល ដែល​ពួក​កុមារី​របស់​ត្រកូល​កំពុង​អង្គុយ​នោះ​ខ្លះ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637350917639753543
ទៅកាន់ទំព័រ៖