ព្រះត្រៃបិដក ភាគ ៦៥

សំដែងធម៌ វិសជ្ជនា​ប្រស្នា​ដល់​ពួក​ភិក្ខុនី ពួក​ឧបាសក ពួក​ឧបាសិកា​ ដែល​ទៅកាន់​អារាម ឈរ​និយាយ​ខ្លះ និយាយ​វាសដៃ​ខ្លះ​ ភិក្ខុ​ទៅ​ក្នុង​គណៈ​ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា យ៉ាងនេះ​ឯង។
 ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ចូល​ទៅកាន់​ចន្លោះផ្ទះ និយាយ​នឹង​ស្រ្តី ឬនឹង​កុមារី និយាយ​រាក់ទាក់​ថា​ នែនាង​ឈ្មោះ​នេះ នែនាង​គោត្រ​នេះ មាន​អ្វី​ទេ មាន​បបរ​ទេ មាន​បាយ​ទេ មាន​បង្អែម​ទេ អាត្មា​នឹង​ផឹក​អ្វី​ បរិភោគ​អ្វី ស៊ី​អ្វី មាន​អ្វី​ទេ ពួក​នាង​នឹង​ឲ្យ​អ្វី​ដល់​អាត្មា ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ​ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា យ៉ាងនេះ​ឯង។ នេះ ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា។
 ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​ចិត្ត តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ជា​អ្នក​មិនមែន​ (ចេញ​) អំពី​ត្រកូល​ខ្ពស់​ហើយ​បួស​ទេ តែ​មានចិត្ត​តាំងខ្លួន​ស្មើនឹង​បុគ្គល​ដែល​ (ចេញ​) អំពី​ត្រកូល​ខ្ពស់​ហើយ​បួស។ មិនមែន​ចេញ​អំពី​ត្រកូល​ធំ​ហើយ​បួស​ទេ តែ​មានចិត្ត​តាំងខ្លួន​ស្មើនឹង​បុគ្គល​ដែល (ចេញ​) អំពី​ត្រកូល​ធំ​ហើយ​បួស។ មិនមែន​ (ចេញ​) អំពី​ត្រកូល​មាន​ភោគៈ​ច្រើន​ហើយ​បួស​ទេ តែ​មានចិត្ត​តាំងខ្លួន​ស្មើនឹង​បុគ្គល​ដែល​ (ចេញ​) អំពី​ត្រកូល​មាន​ភោគៈ​ច្រើន​ ហើយ​បួស។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637350918591440569
ទៅកាន់ទំព័រ៖