ព្រះត្រៃបិដក ភាគ ៦៥
ឈ្មោះថាអ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយពោជ្ឈង្គដ៏ល្អិត។ ឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយអរិយមគ្គ មានអង្គ ៨ ដ៏ល្អិត។
[៨៦] ពាក្យថា អ្នកមានប្រាជ្ញាវាងវៃ បានដល់ បុគ្គលអ្នកមានប្រាជ្ញាវាងវៃ ៣ ពួក គឺ បុគ្គលមានបរិយត្តិប្បដិភាណ (មានប្រាជ្ញាវាងវៃ ព្រោះអាស្រ័យការរៀនសូត្រ) ១ មានបរិបុច្ឆាបដិភាណ (មានប្រាជ្ញាវាងវៃ ព្រោះអាស្រ័យការសាកសួរ) ១ មានអធិគមប្បដិភាណ (មានប្រាជ្ញាវាងវៃ ព្រោះអាស្រ័យការត្រាស់ដឹង) ១។
បុគ្គលអ្នកមានបរិយត្តិប្បដិភាណ តើដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ បានរៀនពុទ្ធវចនៈ គឺ សុតៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ការចេះដឹង រមែងភ្លឺច្បាស់ដល់បុគ្គលនោះ ព្រោះអាស្រ័យការរៀនសូត្រ។ នេះបុគ្គលមានបរិយត្តិប្បដិភាណ។
បុគ្គលអ្នកមានបរិបុច្ឆាបដិភាណ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសាកសួរក្នុងប្រយោជន៍របស់ខ្លួនផង ក្នុងប្រយោជន៍នៃការចេះដឹងផង ក្នុងលក្ខណៈផង ក្នុងហេតុផង ក្នុងការណ៍គួរ និងការណ៍មិនគួរផង។ ការចេះដឹង រមែងភ្លឺច្បាស់ដល់បុគ្គលនោះ ព្រោះអាស្រ័យការសាកសួរនោះ។ នេះ បុគ្គលមានបរិបុច្ឆាបដិភាណ។
ID: 637350921529792399
ទៅកាន់ទំព័រ៖