ព្រះត្រៃបិដក ភាគ ៦៥
កលហវិវាទសុត្តនិទ្ទេស ទី១១
[១២២] (ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីណា កិលេសទាំងនោះ កើតអំពីណា សូមព្រះអង្គសំដែងសេចក្តីដែលខ្ញុំសួរនោះ។
[១២៣] អធិប្បាយពាក្យថា ជំលោះ វិវាទ កើតអំពីណា ត្រង់ពាក្យថា ជំលោះ សេចក្តីថា ជំលោះក្តី វិវាទក្តី ដូចគ្នាដោយអាការតែមួយ ជំលោះណា ជំលោះនោះ ឈ្មោះថា វិវាទ វិវាទណា វិវាទនោះ ឈ្មោះថា ជំលោះ។ ម្យ៉ាងទៀត ដោយអាការផ្សេងគ្នា វិវាទជាបុព្វភាគនៃជំលោះ លោកហៅថា វិវាទ។ ពួកព្រះរាជាជជែកនឹងពួកព្រះរាជា ពួកខត្តិយៈជជែកនឹងពួកខត្តិយៈ ពួកព្រាហ្មណ៍ជជែកនឹងពួកព្រាហ្មណ៍ ពួកគហបតីជជែកនឹងពួកគហបតី មាតាជជែកនឹងបុត្ត បុត្តជជែកនឹងមាតា បិតាជជែកនឹងបុត្ត បុត្តជជែកនឹងបិតា បងប្អូនប្រុសជជែកនឹងបងប្អូនប្រុស បងប្អូនស្រីជជែកនឹងបងប្អូនស្រី បងប្អូនប្រុសជជែកនឹងបងប្អូនស្រី បងប្អូនស្រីជជែកនឹងបងប្អូនប្រុស សំឡាញ់ជជែកនឹងសំឡាញ់ នេះហៅថា វិវាទ។ ជំលោះ តើដូចម្តេច។
ID: 637351074674306418
ទៅកាន់ទំព័រ៖