ព្រះត្រៃបិដក ភាគ ៦៥

បុ​រា​ភេទ​សុត្ត​និទ្ទេស​ ទី១០


[៥៤​] (ព្រះពុទ្ធ​និម្មិត​សួរ​ថា​) បុគ្គល​មានការ​ឃើញ​ដូចម្តេច មាន​សីល​ដូចម្តេច ដែល​ព្រះអង្គ​ហៅថា​ អ្នក​ស្ងប់ បពិត្រ​ព្រះ​គោតម ព្រះអង្គ​ដែល​ខ្ញុំ​សួរ​ហើយ សូម​ប្រាប់​នូវ​នរជន​ដ៏​ឧត្តម​នោះ។

 [៥៥​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​មានការ​ឃើញ​ដូចម្តេច មាន​សីល​ដូចម្តេច ដែល​ព្រះ អង្គ​ហៅថា​អ្នក​ស្ងប់​ ត្រង់​ពាក្យ​ថា បុគ្គល​មានការ​ឃើញ​ដូចម្តេច គឺ​បុគ្គល​ប្រកបដោយ​ការ​ឃើញ​ដូចម្តេច ប្រាកដ​ដូចម្តេច​ មាន​ប្រការ​ដូចម្តេច មាន​ចំណែក​ប្រៀប​ដូចម្តេច ហេតុ​នោះ (ទើប​សួរ​ថា​) បុគ្គល​មានការ​ឃើញ​ដូចម្តេច។ ពាក្យ​ថា មាន​សីល​ដូចម្តេច គឺជា​អ្នក​ប្រកបដោយ​សីល​ដូចម្តេច ប្រាកដ​ដូចម្តេច​ មាន​ប្រការ​ដូចម្តេច មាន​ចំណែក​ដូចម្តេច ហេតុ​នោះ (ទើប​សួរ​ថា​) មានការ​ឃើញ​ដូចម្តេច​ មាន​សីល​ដូចម្តេច។ ពាក្យ​ថា ដែល​ព្រះអង្គ​ហៅថា អ្នក​ស្ងប់ គឺ ដែល​ព្រះអង្គ​ពោល ត្រាស់ សំដែង​ ពណ៌នា បំភ្លឺ ថ្លែង ថា​ជា​អ្នក​ស្ងប់ ជា​អ្នក​ស្ងប់ស្ងាត់ មានទុក្ខ​រលត់ ជា​អ្នក​ស្ងប់​រម្ងាប់។ ពាក្យ​ថា បុគ្គល​មានការ​ឃើញ​ដូចម្តេច គឺ​សួរ​ចំពោះ​អធិប្បញ្ញា។ ពាក្យ​ថា មាន​សីល​ដូចម្តេច​ គឺ​សួរ​ចំពោះ​អធិសីល។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637350904231753980
ទៅកាន់ទំព័រ៖