ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ក្នុង​រោង​ឆាន់​ យ៉ាងនេះ​។
 ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ ក្នុង​រោង​ភ្លើង តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ មិន​ធ្វើ​សេចក្តី​កោតក្រែង​ក្នុង​រោង​ភ្លើង​ គឺ​ឈរ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាង​មុខ​ខ្លះ អង្គុយ​ខាងមុខ​ខ្លះ​ អង្គុយ​លើ​អាសនៈ​ខ្ពស់​ខ្លះ មិន​ប្រាប់​សិន​ហើយ​ដាក់​ឧស​ខ្លះ មិន​ប្រាប់​សិន​ហើយ​បិទទ្វារ​ខ្លះ​ ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ ក្នុង​រោង​ភ្លើង យ៉ាងនេះ​។
 ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ ក្នុង​កំពង់ទឹក តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ មិន​ធ្វើ​សេចក្តី​កោតក្រែង​ក្នុង​កំពង់ទឹក​ គឺ​ចុះទៅ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ ចុះ​ខាងមុខ​ខ្លះ ងូត​ប្រជ្រៀត​ខ្លះ ងូត​ខាងមុខ​ខ្លះ​ ងូត​ខាងលើ​ខ្លះ ឡើង​ប្រជ្រៀត​ខ្លះ ឡើង​ខាងមុខ​ខ្លះ ឡើង​ខាងលើ​ខ្លះ ភិក្ខុ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ក្នុង​កំពង់ទឹក​ យ៉ាងនេះ​។
 ភិក្ខុ​កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ​ មិន​ធ្វើ​សេចក្តី​កោតក្រែង គឺ​ដើរ​ប្រជ្រៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ ដើរ​ខាងមុខ​ខ្លះ​ ដើរ​ហួស​ទៅ​ពីមុខ​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ ភិក្ខុ​កំពុង​ចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ យ៉ាងនេះ​។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637351973300475537
ទៅកាន់ទំព័រ៖