ព្រះត្រៃបិដក ភាគ ៦៦
[៧២] បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោលអួតទាំងឡាយ ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃ ដោយការចិញ្ចឹមជីវិតដោយបញ្ញា ដោយសីល និងវ័តឡើយ។
[៧៣] ពាក្យថា បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ការពោលពាក្យកុហក។ បុគ្គលខ្លះក្នុងលោកនេះ ទៅកាន់រោងជាទីប្រជុំ ទៅកាន់បរិស័ទ្យ។បេ។ ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួន ព្រោះហេតុតែអាមិសតិចតួច នេះលោកហៅថា ការពោលពាក្យកុហក។ ម្យ៉ាងទៀត មុសាវាទ រមែងមានដោយអាការៈ ៣ គឺមុសាវាទរបស់បុគ្គលនោះក្នុងកាលមុនថា អញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលកំពុងពោលថា អញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អញពោលពាក្យកុហកហើយ ១ មុសាវាទរមែងមានដោយអាការៈ ៣ នេះ។ មួយទៀត មុសាវាទ រមែងមានដោយអាការៈ ៤ ដោយអាការៈ ៥ ដោយអាការៈ ៦ ដោយអាការៈ ៧ ដោយអាការៈ ៨ មុសាវាទរបស់បុគ្គលនោះ ក្នុងកាលមុនថា អញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលកំពុងពោលថា អញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អញពោលពាក្យកុហកហើយ ១
ID: 637351975620466206
ទៅកាន់ទំព័រ៖