ព្រះត្រៃបិដក ភាគ ៦៦

នូវ​ការ​ពោល​អួត គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស មិន​ឲ្យ​កើតមាន នូវ​ការ​ពោល​អួត គប្បី​ជា​អ្នក​ឆ្ងាយ វៀរ វៀរ​ស្រឡះ ឃ្លាត​ចេញ រលាស់ចោល​ រួច​ស្រឡះ ប្រាស​ចេញ ចាក​ការ​ពោល​អួត គប្បី​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ជា​អ្នកដឹងខ្លួន មិន​ធ្វើ​នូវ​ការ​ពោល​អួត​ទាំងឡាយ។
 [៧៥​] អធិប្បាយ​ពាក្យ​ថា ទាំង​មិន​គប្បី​មើលងាយ​នូវ​បុគ្គល​ដទៃ​ដោយ​ជីវិត ដោយ​បញ្ញា​ ដោយ​សីល និង​វ័ត ត្រង់​ពាក្យ​ថា ទាំង គឺជា​ពាក្យ​តំណ​នៃ​បទ​។បេ។ ពាក្យ​ថា ទាំង នេះ គឺជា​លំដាប់លំដោយ​នៃ​បទ​។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ កាល​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង មើលងាយ​បុគ្គល​ដទៃ​ដែល​ចិញ្ចឹមជីវិត​ដ៏​ឧត្តម​ថា​ បុគ្គល​នេះ ចិញ្ចឹមជីវិត​ដោយ​វត្ថុ​ច្រើន​អ្វី​ម្ល៉េះ បរិភោគ​វត្ថុ​គ្រប់មុខ គឺ​ពូជ​ដែល​កើតអំពី​មើម​ ពូជ​ដែល​កើតអំពី​ដើម ពូជ​ដែល​កើតអំពី​ថ្នាំង ពូជ​ដែល​កើតអំពី​ត្រួយ ពូជ​ដែល​កើតអំពី​គ្រាប់​ ជា​គំរប់ ៥ មិន​ឆ្លង​សេចក្តី​ព្យាយាម​ដ៏​ស្មើដោយ​កាំរន្ទះ និង​ចុង​នៃ​ភ្លុក​(១) ។ ព្រោះ​ការ​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង​នោះ បុគ្គល​នោះ មើលងាយ​បុគ្គល​ដទៃ​ដែល​ចិញ្ចឹមជីវិត​ដ៏​ឧត្តម​។
(១) បាលី​នេះ​ មិនឃើញ​មាន​ក្នុង​ទីណា​សោះ យើងខ្ញុំ​សង្ស័យ​ក្រែង​ប្រែថា​ “មិន​ឆ្លង​សេចក្តី​ព្យាយាម​ស្មើដោយ​ចុង​ធ្មេញ​នៃ​ត្បាល់កិន​” ដូច្នេះ​ត្រូវ​ជាង​ដឹង។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637351976340247635
ទៅកាន់ទំព័រ៖