ព្រះត្រៃបិដក ភាគ ៦៦
បុគ្គលខ្លះក្នុងលោកនេះ ចិញ្ចឹមជីវិតដ៏ឧត្តម មើលងាយបុគ្គលដទៃដែលចិញ្ចឹមជីវិតដ៏សៅហ្មងថា បុគ្គលនេះមានបុណ្យតិច មានសក្តិតិចអ្វីម្ល៉េះ មិនធ្លាប់បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ព្រោះការចិញ្ចឹមជីវិតដ៏ឧត្តមនោះ បុគ្គលនោះមើលងាយបុគ្គលដទៃដែលចិញ្ចឹមជីវិតដ៏សៅហ្មង។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកបរិបូរដោយបញ្ញា បុគ្គលនោះត្រូវគេសួរហើយ ក៏ឆ្លើយប្រស្នា។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អញជាអ្នកបរិបូរដោយបញ្ញា ឯពួកបុគ្គលឯទៀតនេះ មិនបរិបូរដោយបញ្ញាទេ។ ព្រោះការបរិបូរដោយបញ្ញានោះ បុគ្គលនោះមើលងាយបុគ្គលដទៃ។ បុគ្គលខ្លះក្នុងសាសនានេះ ជាអ្នកបរិបូរដោយសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូរដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ បុគ្គលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អញជាអ្នកបរិបូរដោយសីល ឯពួកភិក្ខុឯទៀតនេះទ្រុស្តសីល មានធម៌អាក្រក់។ ព្រោះការបរិបូរដោយសីលនោះ បុគ្គលនោះមើលងាយបុគ្គលដទៃ។ បុគ្គលខ្លះក្នុងសាសនានេះ បរិបូរដោយវត្ត គឺជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបំសុកូលិកធុតង្គ ប្រព្រឹត្តតេចីវរិកធុតង្គ ប្រព្រឹត្តសបទានចារិកធុតង្គ ប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ ប្រព្រឹត្តនេសជ្ជិកធុតង្គ
ID: 637351976608094616
ទៅកាន់ទំព័រ៖