ព្រះត្រៃបិដក ភាគ ៦៦
[៧] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួងដោយការយល់ អធិប្បាយថា កិលេសជាគ្រឿងយឺតយូរ ឈ្មោះបបញ្ចសង្ខា បានដល់ តណ្ហាបបញ្ចសង្ខា និងទិដ្ឋិបបញ្ចសង្ខា។
ឫសគល់នៃតណ្ហាបបញ្ចសង្ខា តើដូចម្តេច។ គឺអវិជ្ជា ជាឫសគល់ អយោនិសោមនសិការៈជាឫសគល់ អស្មិមានះជាឫសគល់ អហិរិកៈជាឫសគល់ អនោត្តប្បៈជាឫសគល់ ឧទ្ធច្ចៈជាឫសគល់ នេះឫសគល់នៃតណ្ហាបបញ្ចសង្ខា។
ឫសគល់នៃទិដ្ឋិបបញ្ចសង្ខា តើដូចម្តេច។ គឺអវិជ្ជា ជាឫសគល់ អយោនិសោមនសិការៈជាឫសគល់ អស្មិមានះជាឫសគល់ អហិរិកៈជាឫសគល់ អនោត្តប្បៈជាឫសគល់ ឧទ្ធច្ចៈជាឫសគល់ នេះឫសគល់នៃទិដ្ឋិបបញ្ចសង្ខា។
ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យពោលដោយគោរព។ ម្យ៉ាងទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុបំបាក់បង់នូវរាគៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវទោសៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវមោហៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវមានះ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវទិដ្ឋិ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវចំរូង។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុបំបាក់បង់នូវកិលេស។
ID: 637351909415733871
ទៅកាន់ទំព័រ៖