ព្រះត្រៃបិដក ភាគ ៦៦
ទាំងឡាយហើយ មិនត្រូវពោលតបនឹងជនទាំងនោះដោយពាក្យអាក្រក់ទេ ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើនូវសត្រូវតបឡើយ។
[៧៧] អធិប្បាយពាក្យថា បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយហើយ ត្រង់ពាក្យថា ត្រូវគេប្រទូស្តហើយ គឺត្រូវគេប្រទូស្ត ជេរ កោសរូស ប្រទេច តិះដៀល បន្តុះបង្អាប់ហើយ។ ពាក្យថា របស់សមណៈទាំងឡាយ គឺពួកជនណាមួយ ក្រៅអំពីសាសនានេះ នៅក្នុងពួកបរិព្វាជក ប្រកបក្នុងពួកបរិព្វាជក។ ពាក្យថា របស់ជនមានមាត់ពាក្យច្រើនទាំងឡាយ គឺពួកក្សត្រិយ៍ផង ព្រាហ្មណ៍ផង វេស្សៈផង សុទ្ទៈផង គ្រហស្ថផង បព្វជិតផង ទេវតាផង មនុស្សផង។ ពួកជននោះ គប្បីជេរ គប្បីផ្តាសា គប្បីខឹង គប្បីខឹងខ្លាំង គប្បីបៀតបៀន គប្បីបៀតបៀនខ្លាំង គប្បីធ្វើទុក្ខបុកម្នេញ គប្បីធ្វើទុក្ខខ្លាំង គប្បីធ្វើនូវការបៀតបៀន ដោយពាក្យដ៏ច្រើន ដែលមិនជាទីប្រាថ្នា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត។ បើឮ ស្តាប់ ចាប់បាន ចាំបាន កំណត់បាន នូវសំដីច្រើនរបស់ពួកជននោះ ដែលមិនជាទីប្រាថ្នា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលត្រូវគេប្រទូស្តហើយ បើឮសំដីច្រើនរបស់សមណៈទាំងឡាយ ឬរបស់ជនមានមាត់ពាក្យច្រើនទាំងឡាយ។
ID: 637351977338502461
ទៅកាន់ទំព័រ៖