ព្រះត្រៃបិដក ភាគ ៦៦
[៧៨] អធិប្បាយពាក្យថា មិនត្រូវពោលតបនឹងជនទាំងនោះដោយពាក្យអាក្រក់ ត្រង់ពាក្យថា ដោយពាក្យអាក្រក់ គឺដោយពាក្យរឹងរូស។ ពាក្យថា មិនត្រូវពោលតបសេចក្តីថា មិនគប្បីពោលតប គឺមិនគប្បីជេរតបនឹងជនដែលជេរ មិនគប្បីខឹងតបនឹងជនដែលខឹង មិនគប្បីប្រកួតតបនឹងជនដែលប្រកួត មិនគប្បីធ្វើជម្លោះ មិនគប្បីធ្វើសេចក្តីប្រកួត មិនគប្បីធ្វើនូវការទាស់ទែង មិនគប្បីធ្វើនូវវិវាទ មិនគប្បីធ្វើនូវសេចក្តីបែកខ្ញែកគ្នាទេ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវជម្លោះ ការប្រកួត សេចក្តីទាស់ទែង វិវាទ ការបែកខ្ញែកគ្នា គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការជម្លោះ សេចក្តីប្រកួត ការទាស់ទែង វិវាទ ការបែកខ្ញែកគ្នា គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនត្រូវពោលតបនឹងជននោះ ដោយពាក្យអាក្រក់ទេ។
[៧៩] ពាក្យថា ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើសត្រូវតបឡើយ ត្រង់ពាក្យថា ជនអ្នកស្ងប់ គឺឈ្មោះថាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ។បេ។ ឈ្មោះថា អ្នកស្ងប់ អ្នកចូលទៅជិតស្ងប់ អ្នកស្ងប់វិសេស អ្នករលត់ អ្នករម្ងាប់ ព្រោះស្ងប់រម្ងាប់ រម្ងាប់វិសេស ផុត រំលត់ ឃ្លាតចេញ រម្ងាប់នូវអកុសលាភិសង្ខារទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកស្ងប់។ ពាក្យថា ព្រោះថា ជនអ្នកស្ងប់ រមែងមិនធ្វើសត្រូវតបឡើយ
ID: 637351977687454666
ទៅកាន់ទំព័រ៖