ព្រះត្រៃបិដក ភាគ ៦៦

បាន​សេចក្តី​ថា ជន​អ្នក​ស្ងប់ មិន​ធ្វើ មិន​បង្កើត មិន​បង្កើត​ព្រម មិន​ឲ្យ​លេចឡើង​ មិន​ឲ្យ​លេចឡើង​ចំពោះ នូវ​សត្រូវ​តប នូវ​ចំបាប់​តប នូវ​ចំរូង​តប នូវ​បដិ​ប័ក្ខ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រោះថា ជន​អ្នក​ស្ងប់ មិន​ធ្វើ​នូវ​សត្រូវ​តប​ឡើយ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
បុគ្គល​ត្រូវ​គេ​ប្រទូស្ត​ហើយ បើ​ឮនូវ​សំដីច្រើន​របស់​សមណៈ​ទាំងឡាយ​ ឬរបស់​ជន​មាន​មាត់ពាក្យ​ច្រើន​ទាំងឡាយ​ហើយ មិន​ត្រូវ​ពោលតប​នឹង​ជន​ទាំងនោះ ដោយ​ពាក្យ​អាក្រក់​ទេ​ ព្រោះថា ជន​អ្នក​ស្ងប់ រមែង​មិន​ធ្វើ​នូវ​សត្រូវ​តប​ឡើយ។
[៨០​] ភិក្ខុ​ដឹង​ធម៌​នេះ​ហើយ គប្បី​ពិនិត្យ​ មានស្មារតី សិក្សា​សព្វកាល ដឹង​នូវ​ការ​រលត់ ថា​ជា​ការ​ស្ងប់​ហើយ មិន​គប្បី​ប្រហែស​ក្នុង​សាសនា​នៃ​ព្រះ​គោតម។

 [៨១​] អធិប្បាយ​ពាក្យ​ថា ដឹង​ធម៌​នេះ​ហើយ​ ត្រង់​ពាក្យ​ថា ធម៌​នេះ គឺ​ធម៌​ដែល​តថាគត​ប្រាប់ សំដែង បញ្ញត្ត តាំង បើក ចែក​ ធ្វើឲ្យ​រាក់ ប្រកាស​ហើយ។ ពាក្យ​ថា ដឹង​ធម៌ គឺ​ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់​ ធ្វើឲ្យ​ប្រាកដហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដឹង​ធម៌​នេះ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637351978067347543
ទៅកាន់ទំព័រ៖