ព្រះត្រៃបិដក ភាគ ៦៦
[៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីមិនប្រហែស ថ្វាយបង្គំ សិក្សារឿយៗ សព្វកាល ត្រង់ពាក្យថា គប្បីមិនប្រហែស គឺគប្បីជាអ្នកធ្វើដោយគោរព។បេ។ មិនប្រហែសក្នុងកុសលទាំងឡាយ។ ពាក្យថា សព្វកាល គឺសព្វកាល សព្វគ្រា។បេ។ ក្នុងគំនរនៃវ័យជាបច្ឆិម។ ពាក្យថា ថ្វាយបង្គំ គឺថ្វាយបង្គំដោយកាយ ថ្វាយបង្គំដោយវាចា ថ្វាយបង្គំដោយចិត្ត ថ្វាយបង្គំដោយអន្វត្ថប្បដិបត្តិ ថ្វាយបង្គំ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជា កោតក្រែង ដោយធម្មានុធម្មប្បដិបត្តិ។ ពាក្យថា គប្បីសិក្សារឿយ ៗ បានដល់ សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។បេ។ នេះ អធិប្បញ្ញាសិក្ខា។ គប្បីនឹកសិក្សាសិក្ខា ៣ នេះ។បេ។ គប្បីធ្វើឲ្យជាក់ច្បាស់ សិក្សា ប្រព្រឹត្ត ប្រព្រឹត្តស្មើ ប្រព្រឹត្តសមាទាននូវនិរោធ ដែលត្រូវធ្វើឲ្យជាក់ច្បាស់។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញាត្តិថា មានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីមិនប្រហែស ថ្វាយបង្គំ សិក្សារឿយៗ សព្វកាល។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637351980128241490
ទៅកាន់ទំព័រ៖