ព្រះត្រៃបិដក ភាគ ៦៦
ឈ្មោះថា មានព្រះភាគ ព្រោះហេតុទ្រង់ចែករំលែកញែកនូវធម្មរតនៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុធ្វើនៅទីបំផុតនៃភពទាំងឡាយ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុចំរើនព្រះកាយ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុចំរើនសីល ព្រោះហេតុចំរើនចិត្ត ព្រោះហេតុចំរើនបញ្ញា។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់គប់រកនូវសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជាព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីស អធិចិត្ត អធិប្បញ្ញា។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃវិមោក្ខធម៌ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិ សមាធិ អសុភសមាបត្តិ។
ID: 637351909688268968
ទៅកាន់ទំព័រ៖