ព្រះត្រៃបិដក ភាគ ៦៦
ព្រះរាជាក៏គម្រាមចោរនោះ។ ចោរនោះ ទទួលទុក្ខទោមនស្ស ព្រោះការគម្រាមជាបច្ច័យ ក៏មាន។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ។ ភ័យទុក្ខទោមនស្សកើតឡើង ចំរើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន។ ព្រះរាជាមិនពេញព្រះទ័យ ដោយអំពើសូម្បីត្រឹមប៉ុណ្ណេះ។ ព្រះរាជាត្រាស់បង្គាប់ឲ្យចងចោរនោះ ដោយចំណងគឺខ្នោះក្តី ដោយចំណងគឺខ្សែក្តី ដោយចំណងគឺច្រវាក់ក្តី ដោយចំណងគឺផ្តៅក្តី ដោយចំណងគឺវល្លិក្តី ដោយចំណងគឺគុកក្តី ដោយចំណងគឺរបងក្តី ដោយចំណងគឺស្រុកក្តី ដោយចំណងគឺនគរក្តី ដោយចំណងគឺដែនក្តី ដោយចំណងគឺជនបទក្តី ដោយហោចទៅ ព្រះរាជាក៏រមែងធ្វើ (នូវចោរនោះ) ឲ្យស្តាប់បង្គាប់ថា អ្នកមិនត្រូវបានចៀសចេញទៅអំពីទីនេះទេ។ ចោរនោះ ទទួលរងទុក្ខទោមនស្ស ព្រោះចំណងជាបច្ច័យក៏មាន។ ភ័យទុក្ខទោមនស្សបែបនុ៎ះ កើតមកពីណាដល់ចោរនោះ។ ភ័យទុក្ខទោមនស្ស កើតឡើង ចំរើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន។ ព្រះរាជាមិនពេញព្រះទ័យ ដោយអំពើសូម្បីត្រឹមប៉ុណ្ណេះ។ ព្រះរាជាញុំាងចោរនោះឲ្យនាំទ្រព្យមួយរយក្តី មួយពាន់ក្តី មួយហ្មឺនក្តី មកថ្វាយព្រះអង្គ។ ចោរនោះ ទទួលរងទុក្ខទោមនស្ស ព្រោះការវិនាសទ្រព្យជាបច្ច័យក៏មាន។
ID: 637353458036474040
ទៅកាន់ទំព័រ៖