ព្រះត្រៃបិដក ភាគ ៦៦
ទុក្ខទាំងនោះ កើត ចំរើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញារបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ភ័យកើតអំពីអាជ្ញារបស់ខ្លួន។
[៩២] ពាក្យថា អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា ត្រង់ពាក្យថា ជន បានដល់ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា អ្នកឈ្លោះគ្នា គឺអ្នកទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេកមើល ចូរពិនិត្យមើល ចូរពិចារណាមើល នូវជនអ្នកឈ្លោះគ្នា ជនអ្នកប្រកែកគ្នា ជនខុសនឹងគ្នា ជនប្រកាន់ខុសនឹងគ្នា ជនដែលបៀតបៀនគ្នា ជនដែលតបតគ្នា ជនដែលគុំគួនគ្នា ជនដែលគុំគួនចំពោះគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា។
[៩៣] ពាក្យថា តថាគតនឹងសំដែងសំវេគធម៌ គឺតថាគតនឹងសំដែង នឹងបង្ហាញ ប្រាប់ ពន្យល់ បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវសំវេគធម៌ សេចក្តីរន្ធត់ តក់ស្លុត ភ័យលំបាក ចង្អៀតចង្អល់ ឧបទ្រពចង្រៃ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត នឹងសំដែងសំវេគធម៌។
[៩៤] ពាក្យថា តាមដែលតថាគតធ្លាប់សង្វេគហើយ គឺតថាគតសង្វេគ រន្ធត់ ដល់នូវការសង្វេគហើយ ដោយខ្លួនឯង យ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) តាមដែលតថាគតសង្វេគហើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637353460413494791
ទៅកាន់ទំព័រ៖