ព្រះត្រៃបិដក ភាគ ៦៦
ការមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យគ្នានឹងគ្នា ព្រោះរបស់នេះជាបច្ច័យ ការមិនឃើញ ការមិនយល់ច្បាស់ ការមិនភ្ញាក់រឭក ការមិនត្រាស់ដឹង ការមិនចាក់ធ្លុះ ការមិនកាន់យកស៊ប់ ការមិនស្ទង់ចុះស៊ប់ ការសំឡឹងមើលមិនស្មើ ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការមិនផូរផង់ ភាពនៃសេចក្តីល្ងង់ខ្លៅ សេចក្តីវង្វេង សេចក្តីវង្វេងខ្លាំង សេចក្តីវង្វេងជ្រប់ អវិជ្ជា អន្លង់គឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា បរិយុដ្ឋានគឺអវិជ្ជា គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលឯណា មានសភាពយ៉ាងនេះ នេះ សរគឺមោហៈ។
សរគឺមានះ តើដូចម្តេច។ សេចក្តីប្រកាន់ថា អាត្មាអញជាបុគ្គលប្រសើរ ការប្រកាន់ថា អាត្មាអញជាបុគ្គលស្មើ ការប្រកាន់ថា អាត្មាអញ ជាបុគ្គលថោកទាប សេចក្តីប្រកាន់ ការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ ការក្រអឺតក្រអោង សភាពដូចទង់ ការប្រកាន់ចិត្ត ភាពនៃចិត្តប្រាថ្នាដូចទង់ឯណា មានសភាពយ៉ាងនេះ នេះ សរគឺមានះ។
សរគឺទិដ្ឋិ តើដូចម្តេច។ សកាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ការប្រកាន់គឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ គ្រឿងញាប់ញ័រគឺទិដ្ឋិ សំយោជនៈគឺទិដ្ឋិ ការកាន់យក ការកាន់មាំ ការប្រកាន់ ការស្ទាបអង្អែល
ID: 637353466509457762
ទៅកាន់ទំព័រ៖