ព្រះត្រៃបិដក ភាគ ៦៦

មាន​អារម្មណ៍​តែមួយ​ ដូច្នេះ​ទើប​ឈ្មោះថា ខាងក្នុង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តណ្ហា​ទាំងឡាយ​ណាមួយ ជា​ខាងក្នុង។
 [៩] អធិប្បាយ​ពាក្យ​ថា បុគ្គល​គប្បី​មានសតិ​សព្វកាល សិក្សា​ដើម្បី​បន្ទោបង់​តណ្ហា​ទាំងនោះ​ ត្រង់​ពាក្យ​ថា សព្វកាល គឺ​សព្វកាល គ្រប់​កាល អស់​កាល​ទាំងពួង អស់​កាល​ជានិច្ច អស់​កាល​ដ៏​ទៀង​ អស់​កាល​មិន​ដាច់ អស់​កាល​រឿយ​ៗ។ មិន​រោយរាយ ថែម​ហើយ​ថែមទៀត ជាប់​តគ្នា មិន​មាន​ចន្លោះ​ ដូចជា​រលក​ទឹក​ទង្គិច​គ្នា ប៉ះពាល់​គ្នា អស់​បុរេភត្ត បច្ឆាភត្ត អស់​បឋមយាម មជ្ឈិមយាម​ បច្ឆិមយាម អស់​កាឡបក្ខ ជុណ្ហបក្ខ អស់​រដូវភ្លៀង រដូវរងា រដូវ​ក្តៅ អស់​ចំណែក​បឋមវ័យ​ អស់​ចំណែក​មជ្ឈិមវ័យ អស់​ចំណែក​បច្ឆិមវ័យ។ ពាក្យ​ថា មានសតិ គឺ​មានសតិ​ដោយហេតុ ៤ យ៉ាង​ គឺ​ចំរើន​កាយេ កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន ឈ្មោះថា មានសតិ (ចំរើន​) វេទនា​សុ វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន ឈ្មោះថា​ មានសតិ (ចំរើន​) ចិ​ត្តេ ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន ឈ្មោះថា មានសតិ (ចំរើន​) ធម្មេ​សុ ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន ឈ្មោះថា មានសតិ។ មានសតិ​ដោយហេតុ​ ៤ ដទៃទៀត គឺ​មានសតិ ព្រោះ​វៀរបង់​នូវ​ភាព​មិន​មានសតិ មានសតិ​ព្រោះ​ធ្វើ​នូវ​ធម៌​ទាំងឡាយ​ ដែល​គួរ​ធ្វើ​ដោយ​សតិ មានសតិ ព្រោះ​កំចាត់​បង់​នូវ​ធម៌​ទាំងឡាយ ជាស​ត្រូវ​ដល់​សតិ មានសតិ​ ព្រោះ​មិន​ភ្លេចធម៌​ទាំងឡាយ ជា​និម្មិត​របស់​សតិ។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637351910666052810
ទៅកាន់ទំព័រ៖