ព្រះត្រៃបិដក ភាគ ៦៦
បុគ្គលជាអ្នកប្រកបរឿយ ៗ នូវព្យាយាមក្នុងការឆ្អើរកំដៅកាយច្រើនប្រការ មានសភាពយ៉ាងនេះដូច្នេះឯង។ បុគ្គលដែលត្រូវសរគឺទិដ្ឋិ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ។
បុគ្គលដែលត្រូវសរគឺសោក មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្តាយស្រណោះ លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវសេចក្តីវង្វេង។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ហើយថា ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ មាតារបស់ស្ត្រីម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាលហើយ ស្រ្តីនោះទៅជាឆ្កួត មានចិត្តរវើរវាយ ព្រោះកាលកិរិយានៃមាតានោះ ហើយក៏ដើរចេញអំពីច្រក ចូលទៅច្រក ចេញអំពីផ្លូវត្រឡែងកែង ចូលទៅផ្លូវត្រឡែងកែង ហើយពោលយ៉ាងនេះថា អ្នកទាំងឡាយបានឃើញមាតារបស់ខ្ញុំដែរឬ អ្នកទាំងឡាយ បានឃើញមាតារបស់ខ្ញុំដែរឬ។ ម្នាលព្រាហ្មណ៍ ហេតុធ្លាប់មានមកហើយ បិតារបស់ស្រ្តីម្នាក់ ក្នុងក្រុងសាវត្ថីនេះឯង បានធ្វើមរណកាលហើយ បងប្អូនប្រុស បានធ្វើមរណកាលហើយ បងប្អូនស្រីបានធ្វើមរណកាលហើយ បុត្របានធ្វើមរណកាលហើយ ធីតាបានធ្វើមរណកាលហើយ ស្វាមីបានធ្វើមរណកាលហើយ។
ID: 637353469150384464
ទៅកាន់ទំព័រ៖