ព្រះត្រៃបិដក ភាគ ៦៦

ស្ត្រី​នោះ ក៏​ទៅជា​ឆ្កួត មានចិត្ត​រវើរវាយ ព្រោះ​កាលកិរិយា​នៃ​ស្វាមី​នោះ​ ហើយក៏​ដើរចេញ​អំពី​ច្រក ចូល​ទៅកាន់​ច្រក ចេញ​អំពី​ផ្លូវ​ត្រឡែងកែង ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង​ ហើយ​ពោល​យ៉ាងនេះ​ថា អ្នក​ទាំងឡាយ បានឃើញ​ស្វាមី​របស់ខ្ញុំ​ដែរ​ឬ អ្នក​ទាំងឡាយ​បានឃើញ​ស្វាមី​របស់ខ្ញុំ​ដែរ​ឬ។ ម្នាល​ព្រាហ្មណ៍ ហេតុ​ធ្លាប់​មាន​មក​ហើយ មាតា​របស់​បុរស​ម្នាក់ ក្នុង​ក្រុង​សាវត្ថី​នេះឯង​ បាន​ធ្វើ​មរណកាល​ហើយ។ បុរស​នោះ ក៏​ទៅជា​ឆ្កួត មានចិត្ត​រវើរវាយ ព្រោះ​កាលកិរិយា​នៃ​មាតា​នោះ​ ហើយ​ដើរចេញ​អំពី​ច្រក ចូល​ទៅកាន់​ច្រក ចេញ​អំពី​ផ្លូវ​ត្រឡែងកែង ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង​ ហើយ​ពោល​យ៉ាងនេះ​ថា អ្នក​ទាំងឡាយ បានឃើញ​មាតា​របស់ខ្ញុំ​ដែរ​ឬ អ្នក​ទាំងឡាយ បានឃើញ​មាតា​របស់ខ្ញុំ​ដែរ​ឬ។ ម្នាល​ព្រាហ្មណ៍ ហេតុ​ធ្លាប់​មាន​មក​ហើយ បិតា​របស់​បុរស​ម្នាក់ ក្នុង​ក្រុង​សាវត្ថី​នេះឯង​ បាន​ធ្វើ​មរណកាល​ហើយ បងប្អូន​ប្រុស បាន​ធ្វើ​មរណកាល​ហើយ បងប្អូន​ស្រី បាន​ធ្វើ​មរណកាល​ហើយ​ បុត្រ​បាន​ធ្វើ​មរណកាល​ហើយ ធីតា​បាន​ធ្វើ​មរណកាល​ហើយ ភរិយា​បាន​ធ្វើ​មរណកាល​ហើយ។ បុរស​នោះ ក៏​ទៅជា​ឆ្កួត មានចិត្ត​រវើរវាយ ព្រោះ​កាលកិរិយា​នៃ​ភរិយា​នោះ ហើយ​ដើរចេញ​អំពី​ច្រកចូល​ទៅកាន់​ច្រក​ ចេញ​អំពី​ផ្លូវ​ត្រឡែងកែង ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង ហើយ​ពោល​យ៉ាងនេះ​ថា អ្នក​ទាំងឡាយ​បានឃើញ​ភរិយា​របស់ខ្ញុំ​ដែរ​ឬ
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637353469447937797
ទៅកាន់ទំព័រ៖