ព្រះត្រៃបិដក ភាគ ៦៦

អាត្មាអញ​នឹង​មាន​ឬហ្ន៎ ក្នុង​អនាគតកាល អាត្មាអញ​នឹង​មិន​មាន​ទេ​ឬហ្ន៎​ ក្នុង​អនាគតកាល អាត្មាអញ​នឹង​មិន​មាន​ដូចម្តេច​ហ្ន៎ ក្នុង​អនាគតកាល អាត្មាអញ​នឹង​មាន​ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ក្នុង​អនាគតកាល អាត្មាអញ​មាន​សភាព​ដូចម្តេច នឹង​មាន​ទៀត​ដូចម្តេច​ហ្ន៎។ បុគ្គល​អ្នកមាន​សេចក្តី​សង្ស័យ​ក្នុង​សន្តាន​ ក្នុង​បច្ចុប្បន្ន ឥឡូវនេះ​ថា អាត្មាអញ​មាន​ឬហ្ន៎ អាត្មាអញ​មិន​មាន​ទេ​ឬហ្ន៎ អាត្មាអញ​មាន​ដូចម្តេច​ហ្ន៎​ អាត្មាអញ​មាន​ដោយ​ប្រការ​ដូចម្តេច​ហ្ន៎ សត្វ​មក​អំពី​ទីណា សត្វ​នោះ​នឹង​ទៅ​ក្នុង​ទីណា។ បុគ្គល​ដែល​ត្រូវ​សរ​គឺ​សេចក្តី​សង្ស័យ មុត ធ្លុះ ពាល់ត្រូវ គ្រប​សង្កត់ ញំា​ញី​ ទន្រ្ទាន​ហើយ រមែង​ស្ទុះ​ទៅ រត់​ទៅ រលះរលាំង​ទៅ អន្ទោល​ទៅ យ៉ាងនេះ។ បុគ្គល​បង្កើត​សរ​ទាំងនោះ​ កាលបើ​បង្កើត​សរ​ទាំងនោះ រមែង​ស្ទុះ​ទៅ​ក្នុង​បុរត្ថិមទិស ស្ទុះ​ទៅ​ក្នុង​បច្ឆិមទិស​ ស្ទុះ​ទៅ​ក្នុង​ឧត្តរទិស ស្ទុះ​ទៅ​ក្នុង​ទក្ខិណទិស ដោយអំណាច​នៃ​ការបង្កើត​សរ។ ការបង្កើត​សរ​ទាំងនោះ បើ​បុគ្គល​មិនបាន​លះបង់​ហើយ បុគ្គល​ក៏​រមែង​ស្ទុះ​ទៅ​ក្នុង​គតិ​ ស្ទុះ​ទៅ​ក្នុង​នរក ស្ទុះ​ទៅ​ក្នុង​កំណើត​តិរច្ឆាន ស្ទុះ​ទៅ​ក្នុង​បិ​ត្តិ​វិស័យ ស្ទុះ​ទៅ​ក្នុង​មនុស្សលោក​ ស្ទុះ​ទៅ​ក្នុង​ទេវលោក
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637353470066620562
ទៅកាន់ទំព័រ៖