ព្រះត្រៃបិដក ភាគ ៦៦

ព្រោះ​ការបង្កើត​សរ​ដែល​ខ្លួន​មិនទាន់​លះបង់​បាន រមែង​ស្ទុះ​ទៅ​ រត់​ទៅ រលះរលាំង​ទៅ អន្ទោល​ទៅ​អំពី​គតិ កាន់​គតិ អំពី​កំណើត កាន់​កំណើត អំពី​បដិសន្ធិ​ កាន់​បដិសន្ធិ អំពី​ភព កាន់​ភព អំពី​សង្សារ កាន់​សង្សារ អំពី​វដ្តៈ កាន់​វដ្តៈ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ដែល​ត្រូវ​សរ​ណា​មុត​ហើយ​ រមែង​ស្ទុះ​ទៅកាន់​ទិស​ទាំងពួង។ ​;
 [១១៣​] ពាក្យ​ថា បុគ្គល​ដក​សរ​នោះ​ហើយ ទើប​មិន​ស្ទុះ​ទៅ​ មិន​លិច​ចុះ សេចក្តី​ថា បុគ្គល​ដក ភើច ទាញ កន្រ្តាក់ គាស់ រំលើង លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​សរ​គឺ​រាគៈ សរ​គឺ​ទោសៈ សរ​គឺ​មោហៈ សរ​គឺ​មានះ សរ​គឺ​ទិដ្ឋិ​ សរ​គឺ​សោ​កៈ សរ​គឺ​សេចក្តី​សង្ស័យ​នោះ​ឯង​បាន ទើប​មិន​ស្ទុះ​ទៅ​ក្នុង​បុរត្ថិមទិស​ មិន​ស្ទុះ​ទៅ​ក្នុង​បច្ឆិមទិស មិន​ស្ទុះ​ទៅ​ក្នុង​ឧត្តរទិស មិន​ស្ទុះ​ទៅ​ក្នុង​ទក្ខិណទិស​ទេ។ ការបង្កើត​សរ​ទាំងនោះ បើ​បុគ្គល​លះបង់​បាន​ហើយ បុគ្គល​រមែង​មិន​ស្ទុះ​ទៅ​ក្នុង​គតិ​ មិន​ស្ទុះ​ទៅ​ក្នុង​នរក មិន​ស្ទុះ​ទៅ​ក្នុង​កំណើត​តិរច្ឆាន មិន​ស្ទុះ​ទៅ​ក្នុង​បិ​ត្តិ​វិស័យ​ មិន​ស្ទុះ​ទៅ​ក្នុង​មនុស្សលោក មិន​ស្ទុះ​ទៅ​ក្នុង​ទេវលោក ព្រោះ​ការបង្កើត​សរ​ដែល​បុគ្គល​លះបង់​បាន​ហើយ​ គឺ​បុគ្គល​មិន​ស្ទុះ​អំពី​គតិ​កាន់​គតិ មិន​ស្ទុះ​អំពី​កំណើត កាន់​កំណើត មិន​ស្ទុះ​អំពី​បដិសន្ធិ​កាន់​បដិសន្ធិ​ មិន​ស្ទុះ​អំពី​ភព កាន់​ភព មិន​ស្ទុះ​អំពី​សង្សារ កាន់​សង្សារ មិន​ស្ទុះ រត់ រលះរលាំង​ អន្ទោល​អំពី​វដ្តៈ កាន់​វដ្តៈ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​)
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637353470420594892
ទៅកាន់ទំព័រ៖