ព្រះត្រៃបិដក ភាគ ៦៦

ពាក្យ​ថា ព្រះនិព្វាន​ដើម្បី​ខ្លួន សេចក្តី​ថា បុគ្គល​គប្បី​សិក្សា​អធិសីល​ផង គប្បី​សិក្សា​អធិចិត្ត​ផង​ គប្បី​សិក្សា​អធិប្បញ្ញា​ផង ដើម្បី​រំលត់​រាគៈ ដើម្បី​រំលត់​ទោសៈ ដើម្បី​រំលត់​មោហៈ​របស់​ខ្លួន។បេ។ ដើម្បី​រម្ងាប់ ដើម្បី​ស្ងប់ ដើម្បី​ស្ងប់​រម្ងាប់ ដើម្បី​រំលត់ ដើម្បី​រលាស់​ចេញ​ ដើម្បី​លះបង់ ដើម្បី​កំចាត់​បង់​នូវ​អភិសង្ខារ​ជាអកុសល​ទាំងពួង។ បុគ្គល​គប្បី​ពិចារណា​សិក្សា​នូវ​សិក្ខា​ទាំង​ ៣ នេះ គប្បី​ដឹង​សិក្សា។បេ។ គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​សិក្សា​ ប្រព្រឹត្ត​ដោយ​អើពើ ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ ប្រព្រឹត្ត​ជឿ​កាន់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​សិក្សា​នូវ​ព្រះនិព្វាន​ដើម្បី​ខ្លួន។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
(អារម្មណ៍​ទាំងឡាយ​ណា ក្នុង​លោក ដែល​សត្វ​ជាប់​ចំពាក់​) ការសិក្សា​ក្នុង​អារម្មណ៍​ទាំងនោះ​ គេ​តែង​រៀន បុគ្គល​មិន​គប្បី​ខ្វល់ខ្វាយ​ក្នុង​គ្រឿង​ចំពាក់​ទាំងនោះ​ទេ គប្បី​យល់​ច្បាស់​នូវ​កាម​ទាំងឡាយ​ ដោយសព្វគ្រប់ ហើយ​សិក្សា​នូវ​ព្រះនិព្វាន​ដើម្បី​ខ្លួន។
[១១៩​] មុនិ គប្បី​ជា​អ្នកមាន​សច្ចៈ​ ជា​អ្នក​មិន​ឃ្នើសឃ្នង មិន​មាន​មាយា មាន​ពាក្យ​ញុះញង់​លះបង់​ហើយ ជា​អ្នក​មិន​ក្រោធ រមែង​ឆ្លងផុត​លោភៈ​ដ៏​លាមក​ និង​សេចក្តី​កំណាញ់​បាន។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637353471909362409
ទៅកាន់ទំព័រ៖