ព្រះត្រៃបិដក ភាគ ៦៦
[១២០] អធិប្បាយពាក្យថា គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង ត្រង់ពាក្យថា គប្បីជាអ្នកមានសច្ចៈ គឺគួរជាអ្នកប្រកបដោយសច្ចវាចា គួរប្រកបដោយសម្មាទិដ្ឋិ គួរប្រកបដោយមគ្គដ៏ប្រសើរមានអង្គ ៨ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីជាអ្នកមានសច្ចៈ។ ពាក្យថា ជាអ្នកមិនឃ្នើសឃ្នង បានដល់ ការឃ្នើសឃ្នង ៣ គឺការឃ្នើសឃ្នងដោយកាយ ១ ការឃ្នើសឃ្នងដោយវាចា ១ ការឃ្នើសឃ្នងដោយចិត្ត ១។បេ។ នេះ ការឃ្នើសឃ្នងដោយចិត្ត។ ការឃ្នើសឃ្នង ៣ នេះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនឃ្នើសឃ្នង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង។
[១២១] ពាក្យថា មិនមានមាយា មានពាក្យញុះញង់លះបង់ហើយ អធិប្បាយថា ការប្រព្រឹត្តិជាគ្រឿងបញ្ឆោត លោកហៅថា មាយា។ បុគ្គលពួកខ្លះក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងប្រាថ្នាដ៏លាមក ព្រោះហេតុនៃការបិទបាំងនូវអំពើទុច្ចរិតនោះ រមែងប្រាថ្នាថា សូមកុំឲ្យអ្នកផងដឹងនូវអញ រមែងត្រិះរិះថា សូមកុំឲ្យអ្នកផងដឹងនូវអញ ពោលវាចាថា សូមកុំឲ្យអ្នកផងដឹងនូវអញ ប្រឹងប្រែងដោយកាយថា សូមកុំឲ្យអ្នកផងដឹងនូវអញ។
ID: 637353499691791207
ទៅកាន់ទំព័រ៖