ព្រះត្រៃបិដក ភាគ ៦៦

មាយា ភាព​នៃ​បុគ្គល​មានកល​លាក់ពុត ការប្រព្រឹត្តិ​ឈ្លានពាន ការ​បញ្ឆោត ការ​លាក់កំនួច​ ការ​លួចគំនិត ការ​វាសវាង ការ​គេចកែ ការ​លាក់លៀម ការ​គៃ​កាញ់ ការ​បិទបាំង ការ​បិទ​ទុក​ដោយ​ជុំវិញ​ អំពើ​មិន​ផ្ងារ អំពើ​មិន​ច្បាស់ ការ​បិទជិតស្លុង កិរិយា​ដ៏​លាមក​ណា មាន​សភាព​យ៉ាងនេះ​ នេះ​លោក​ហៅថា មាយា។ មាយា​នុ៎ះ បុគ្គល​ណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នក​មិន​មាន​មាយា។ ពាក្យ​ថា មាន​ពាក្យ​ញុះញង់​លះបង់​ហើយ ត្រង់​ពាក្យ​ថា ញុះញង់ សេចក្តី​ថា បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ជា​អ្នកពោល​ពាក្យ​ញុះញង់។បេ។ បុគ្គល​មាន​សេចក្តី​ប៉ុនប៉ង​ដើម្បី​បំបែក រមែង​នាំមក​នូវ​ពាក្យ​ញុះញង់​យ៉ាងនេះ​ឯង។ ពាក្យ​ញុះញង់​នុ៎ះ បុគ្គល​ណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​ពាក្យ​ញុះញង់​លះបង់​ហើយ គឺ​មាន​ពាក្យ​ញុះញង់​ប្រាស​ចេញ​ហើយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មិន​មាន​មាយា មាន​ពាក្យ​ញុះញង់​លះបង់​ហើយ។
 [១២២​] អធិប្បាយ​ពាក្យ​ថា មុនិ ជា​អ្នក​មិន​ក្រោធ​ រមែង​ឆ្លងផុត​លោភៈ​ដ៏​លាមក និង​សេចក្តី​កំណាញ់​បាន ត្រង់​ពាក្យ​ថា ជា​អ្នក​មិន​ក្រោធ​ លោក​បាន​ពោល​ហើយ ក៏​ពិតមែនហើយ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637353500058366624
ទៅកាន់ទំព័រ៖